ខេត្តសៀមរាប៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការចុះពិនិត្យ និងជំរុញការធ្វើឱ្យកាន់តែល្អប្រសើរ នូវការងារផ្តល់សេវានៅតាមណ្ឌលសុខភាព និងជំរុញបង្កេីនការថែទាំសុខភាពបឋមនៅក្នុងខេត្តសៀមរាប។
លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៥ និង១៦ ខែឧសភានេះ លោកស្រី បានចុះឌ្វេីការងារនៅមណ្ឌលសុខភាពមួយចំនួន និងបានដឹកនាំកិច្ចប្រជុំក្នុងខេត្តសៀមរាប ដែលជាខេត្តទីដប់ ដែលលោកស្រីបានចុះបំពេញបេសកកម្មការងារស្ដីពី ការជំរុញការកែលម្អគុណភាពសេវារបស់មណ្ឌលសុខភាព និងជំរុញបង្កើនការថែទាំងសុខភាពបឋម នៅក្នុងខេត្តសៀមរាប។
សូមជម្រាបជូនថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿម ប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុក-ក្រុងទាំង ១៣ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៤ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងសេវាឯកជន ប្រធានមណ្ឌលសុខភាពទាំង ៩៣កន្លែង មេឃុំ និងចៅសង្កាត់ទាំង ១០០ រួមទាំងអង្គការដៃគូប្រមាណជា៣០ ដែលមានចំនួនសរុបប្រមាណជាជាង ៣០០នាក់។
ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការងារនេះឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល លោកស្រីវេជ្ជបណ្ឌិត បានឆ្លៀតឱកាសនេះផ្ដល់មតិសំណេះសំណាល និងជូនជាអនុសាសន៍ ដល់អង្គប្រជុំ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
១. យើងខ្ញុំ សូមសម្ដែងការកោតសរសើរចំពោះការចូលរួមចំណែករបស់មន្ត្រី និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងការលើកកម្ពស់គុណភាពនៃការបម្រើសេវា ក៏ដូខជាជំរុញបង្កេីនការងារថែទាំសុខភាពបឋមនៅខេត្តសៀមរាបនេះ។
២. ការដឹកនាំថ្នាក់ខេត្ត រួមមាន អាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលខេត្ត និងក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋមបែបអន្តរវិស័យ មានសារៈសំខាន់ណាស់ក្នុងការអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាសម្រាប់បម្រេីឱ្យការថែទាំសុខភាពនតាមសហគមន៍។ ដូចនេះ មណ្ឌលសុខភាព ស្រុកប្រតិបត្តិ និង បុគ្គលិកពេទ្យទាំងអស់ នៅក្នុងខេត្តសៀមរាប ត្រូវសហការជាមួយក្រុមការងារជំរុញបង្កេីនការថែទាំសុខភាពបឋមថ្នាក់ខេត្ត ដោយមានផែនការអនុវត្តជាក់លាក់ ស្របតាមចំណុចអាទិភាពសំខាន់ៗទាំង ៦ ដែលបានចែងនៅក្នុងឯកសារ ក្របខ័ណ្ឌការជំរុញបង្កើនការថែទាំសុខភាពបឋម។
៣. គ្រប់មណ្ឌលសុខភាព ត្រូវរៀបចំឱ្យមានជាបណ្តាញទំនាក់ទំនងរវាងមណ្ឌលសុខភាព និងសហគមន៍ ដោយចាប់ផ្តើមពីក្រុមស្ត្រីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺលើសសម្ពាធឈាម។
៤. សូមបង្កើនការយកចិត្តទុកដាក់លើការអប់រំសុខភាព តាមរយៈការចែករំលែកសារអប់រំសំខាន់ៗដូចជា សារអប់រំ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ការទទួលទានគ្រឿងស្រវឹង ការលាងដៃ និងការការពារជំងឺផ្សេងៗ ទៅតាមរដូវកាល អាស្រ័យលើតម្រូវការជាក់ស្តែង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុកសូទ្រនិគម ដែលបានគាំទ្រគំនិតផ្តួចផ្តើមអប់រំសុខភាព និង សុខភាពសហគមន៍របស់ពួកយើង តាមរយៈការអនុវត្តកម្មវិធី ក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋម ។
៥. សូមបន្តពង្រឹងការបំពេញមុខងាររបស់គណៈកម្មការទ្រទ្រង់មណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ និងការកត់ត្រា សម្រាប់ការតាមដានសកម្មភាពបន្ទាប់ ព្រមទាំងសូមធ្វើការជាមួយមេឃុំ ក្នុងការដាក់បញ្ជូលផែនការការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងផែនការអភិវឌ្ឍមណ្ឌលសុខភាពទៅក្នុងផែនការ ៣ឆ្នាំរំកិលឃុំ-សង្កាត់
៦. សូមបន្តគាំទ្របន្ថែមទៀតលើការពង្រឹងសមត្ថភាពបុគ្គលិកមណ្ឌលសុខភាព និងការអនុវត្តគោលការណ៍ណែនាំចុះដល់មូលដ្ឋានសហគមន៍ពីមណ្ឌលសុខភាព។
៧. មណ្ឌលសុខភាព ត្រូវរៀបចំឱ្យមានកិច្ចប្រជុំបុគ្គលិកទៀងទាត់ជារៀងរាល់ពីរសប្តាហ៍ម្ដង ដើម្បីពិភាក្សាអំពីផែនការការងារ ការអនុវត្ត និងការត្រួតពិនិត្យ ស្វែងរក និងដោះស្រាយបញ្ហាក្នុងតំបន់នៅនឹងកន្លែង។
8. សូមរក្សាឱ្យបាននូវ ក្រមសីលធម៌វិជ្ជាជីវៈពេទ្យដែលប្រជាជនបានប្រសិទ្ធិនាមជា “កងទ័ព្ទអាវស” ការផ្ដល់សេវា 24ម៉ោង/7ថ្ងៃ ការផ្ដោតសំខាន់លើអនាម័យដៃ និងភាពស្អាតបាតនៃមណ្ឌលសុខភាព និងជួយគាំពារដោះស្រាយបញ្ហាសុវត្ថិភាពសម្រាប់បុគ្គលិកមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាល។
9. សូមខិតខំប្រឹងប្រែងបង្កើនសមត្ថភាពបុគ្គលិក តាមរយៈការចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលនានា ដែលក្នុងនោះប្រធានផ្នែកបណ្តុះបណ្តាលនៅមន្ទីរសុខាភិបាលខេត្តសៀមរាប ដើរតួយ៉ាងសំខាន់ក្នុងការងារនេះ។
ក្រោមដំណើរបេសកកម្មនេះ លោកស្រីវេជ្ជបណ្ឌិត បានឆ្លៀតចុះត្រួតពិនិត្យមណ្ឌលសុខភាពចំនួន ៦កន្លែងនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ ដែលមានដូចជាមណ្ឌលសុខភាព ល្វែងឬស្សី ស្វាយលើ ខ្នងភ្នំ ត្រីញ័រ តាសោម និងមណ្ឌលសុខភាពរើល៕ដោយ៖តារា