ភ្នំពេញ៖ ក្រោយពីវិលមកកាន់ទឹកដីកំណើតដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល អ្នកចម្រៀងសំឡេងគ្រលួចសូប្រាណូ (Soprano) កម្ពុជា កញ្ញា បុស្បា ប៉ាន់ នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌មួយនៅលើទឹកដីអង្គរខេត្តសៀមរាប។ កម្មវិធីនេះនឹងត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅភោជនីតដ្ឋានម្លិះ ខេត្តសៀមរាប ដែលនាង និងសិល្បករនឹងតន្ត្រីករបរទេសមួយចំនួនក៏នឹងមានវត្តមានចូលរួមសម្តែងដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។
នៅព្រឹត្តិការណ៍នារាត្រីនោះបុស្បា ប៉ាន់ នឹងច្រៀងបទចម្រៀងប្រពៃណីខ្មែរ លេងហ្គីតាក្លាស៊ិក និងសម្តែងបែបបទនៃតន្ត្រីមួយចំនួនដែលនាងបានសិក្សាក្នុងអំឡុង៣ឆ្នាំចុងក្រោយនេះ ហើយពិសេសគឺបែបបទតន្ត្រីមួយបទដែលនាងបាននិពន្ធដោយខ្លួនឯងសម្រាប់តន្ត្រីករគឺឧករណ៍ខ្សែមានគ្នាបួននាក់ (String Quartet)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ភោជនីយដ្ឋានម្លិះសៀមរាប។
ប្រភពបន្តថា ការឡើងបង្ហាញវត្តមានលើឆាកប្រគុំតន្ត្រីជាថ្មីនេះក៏នឹងមានវត្តមានតន្ត្រីករព្យាណូជនជាតិថៃ និងជាអ្នកនិពន្ធបទភ្លេងហ្សាស់ដ៏ល្បី គឺលោក សាក់ស្រ៊ី ប៉ាង វង្សតារាដន (Saksri Pang Vongtaradon) ផងដែរ។ លោកត្រូវបានគេស្គាល់ថា ជាតន្ត្រីករឆ្នើមដែលបានច្របាច់បញ្ចូលគ្នានូវភ្លេងប្រពៃណីក្លាស៊ិក ហ្សាស និងភ្លេងប្រពៃណីថៃ គឺដូចអ្វីដែលអ្នកចម្រៀងបុស្បា ប៉ាន់ កំពុងធ្វើពេលនេះផងដែរ ដែលពួកគេចង់ជំរុញព្រំដែនតន្ត្រី និងវប្បធម៌។ ប្រភពលើកឡើងដែរថា កម្មវិធីខាងលើនេះក៏នឹងមានវត្តមានតន្ត្រីករ៣រូបមកពីវិទ្យាស្ថានអ្នកនិពន្ធបទភ្លេងនិរមិត(Nirmita Composers Institute ) ដែលក្រុមនេះត្រូវបានបង្កើតឡើងដោយដោយបណ្ឌិត អ៊ុង ជិនណារី គឺជាអ្នកនិពន្ធដែលទទួលបានជ័យលាភីជាច្រើន និងជាសាស្ត្រាចារ្យតន្ត្រីដ៏ល្បីនៅសាកលវិទ្យាល័យសានឌីយ៉ាហ្គោ(University of San Diago ) រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកនិពន្វបទភ្លេងនៅសាកលវិទ្យាល័យឆែបមិន(Chapman University) ។
ការសម្តែងរបស់បុស្បា នៅភោជនីយដ្ឋានម្លិះគឺជាផ្នែកមួយនៃទំនាក់ទំនងជាប្រចាំរវាងសិល្បករ និងភោជនីយដ្ឋានដែលត្រូវបានបង្កើតឡើងចុងភៅជំនាញឈ្មោះ លូ ម៉េង ដែលទំនាក់ទំនងនេះបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងរួចមកហើយ ចាប់តាំងពីឆ្នាំ២០០៩ គឺគ្រាដែលពួកគេរួមគ្នារៀបចំការប្រគុំតន្ត្រីពិសេសមួយដើម្បីគាំទ្រគ្រូសិល្បករកម្ពុជា និងការប្រគុំតន្ត្រីឆ្នាំ២០១១ នៅអង្គរវត្តដែលរៀបចំដោយចុងភៅជំនាញខាងលើ។ លោក លូ ម៉េង បញ្ជាក់ថា លោកពិតជាមានកិត្តិយស និងរីករាយស្វាគមន៍ចំពោះការវិលត្រឡប់ជាថ្មីរបស់បុស្បាប៉ាន់ ហើយលោកពិតជាមានកិត្តិយលចំពោះការមានចំណែកក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ។ លោកចាត់ទុកថា វាគឺជាផ្នែកមួយនៃទំនាក់ទំនងយូរមកហើយ នឹងជាផ្នែករឹងមាំមួយនៃបេសកកម្មរបស់យើងដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ។ លោកថា ការប្រគុំតន្រ្តីនេះត្រូវធ្វើឡើងដើម្បីអង្គាសមូលនិធិជូនមន្ទីរពេទ្យកុមារអង្គរដែលពេលនេះស្ថិតក្នុងឆ្នាំទី១៧ហើយរបស់មន្ទីរពេទ្យមួយនេះដែលបានផ្តល់ការថែទាំសុខភាពពេញលេញឥតគិតថ្លៃដល់កុមារនៅកម្ពុជា។
គួរបញ្ជាក់ដែរថា បុស្បា ប៉ាន់បានធ្វើដំណើរមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១២ខែកក្កដានេះ ដើម្បីចូលរួមកម្មវិធីសិក្សាសាលា និងកម្មវិធីមួយចំនួនទៀតនៅលើទឹកដីនៃខេត្តសៀមរាប។ ក្នុងរយៈពេល២សប្តាហ៍នៃការធ្វើដំណើរមកកម្ពុជានាងនឹងចូលរួមសិក្ខាសាលាលើជំនាញតន្ត្រីមួយនៅខេត្តសៀមរាបដែលមានសិល្បករមកពីបណ្តាប្រទេស៥ផ្សេងទៀត។ សិល្បករវ័យ១៧ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill រួចមកហើយ ហើយឆ្នាំនេះនាងក៏ទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុន នៃសហរដ្ឋអាមេរិក កាលពីថ្មីៗនេះដែរ។ នាងមានបំណងចំណាយពេលយ៉ាងតិច៨ឆ្នាំទៀតដើម្បីបញ្ចប់ថ្នាក់បណ្ឌិតនិពន្ធបទភ្លេងនៅសហរដ្ឋអាមេរិក។ នាងថានឹងវិលមកកម្ពុជាដែលជាប្រទេសរបស់នាងក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ហើយនាងនឹងចូលរួមជួយក្នុងការអភិវឌ្ឍសង្គមគឺអាចជួយកុមារផ្សេងទៀតឲ្យទទួលបានការអប់រំតន្ត្រីអភិវឌ្ឍន៍គំនិតច្នៃប្រឌិតរបស់ពួកគេតាមរយៈកម្មវិធី និងការផ្លាស់ប្តូរជាមួយបណ្តាប្រទេសផ្សេងទៀតជាច្រើន។
ជាមួយគ្នានេះនាងមានបំណងធ្វើការបកប្រែបោះពុម្ពនូវដំណើរការនៃការសិក្សាតន្ត្រីនៃលោកខាងលិច និងការងារមួយចំនួនទៀតដើម្បីបើកទ្វារឲ្យកុមារកម្ពុជាដែលមានសមត្ថភាពទេពកោសល្យឈានទៅរកឆាកអន្តរជាតិ ៕
ដោយ៖ វឌ្ឍនា