អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង កំពុងដំណើរការ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ TASS កាលពីថ្ងៃទី១៨ ខែឧសភា ដោយសំដៅលើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើងថា “ការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ កំពុងត្រូវបានអនុវត្តតាមល្បឿនរបស់ខ្លួន” ។ យ៉ាងណាក៏ដោយ មន្ត្រីវិមានក្រឹមឡាំង មិនបានបង្ហើបឱ្យដឹងថា តើដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងនៅពេលណានោះទេ។
លោក Peskov ក៏បាននិយាយផងដែរថា ជំនួបលើកមុនរបស់ប្រធានាធិបតី ពូទីន ជាមួយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Alexander Kozlov ដែលជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការរុស្ស៊ី-កូរ៉េខាងជើង មិនពាក់ព័ន្ធនឹងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនោះទេ។
កូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងទេ។ ប្រសិនបើវាកើតឡើង នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ីទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជាងពីរទសវត្សរ៍។ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីក្នុងឆ្នាំ១៩៩៩ លោកពូទីនបានធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាងក្នុងខែកក្កដា ឆ្នាំ២០០០ ដើម្បីជួបជាមួយលោកគីម ជុងអ៊ីល មេដឹកនាំកូរ៉េខាងជើង ដែលជាឪពុករបស់លោក គីម ជុងអ៊ុន។
ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងកាន់តែមានភាពស្និទ្ធស្នាលនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំគីម ជុងអ៊ុន ទៅកាន់ទីក្រុងមូស្គូតាមរថភ្លើងចាប់ពីថ្ងៃទី ១២-១៧ ខែកញ្ញា ឆ្នាំ ២០២៣។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកគីមទៅរុស្ស៊ីក្នុងរយៈពេលជិត៤ឆ្នាំ និងជាទស្សនកិច្ចបរទេសលើកដំបូងរបស់លោកបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
វិមានក្រឹមឡាំង និងក្រុងព្យុងយ៉ាងនៅពេលនោះ មិនបានប្រកាសព័ត៌មានលម្អិតជាក់លាក់នៃការពិភាក្សារបស់លោកគីម និងលោកពូទីនទេ ប៉ុន្តែគ្រាន់តែនិយាយថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយមានការចូលរួមពីគណៈប្រតិភូនៃប្រទេសទាំងពីរ។ របៀបវារៈរួមមានបញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងមនុស្សធម៌ ស្ថានភាពក្នុងតំបន់ ក៏ដូចជាប្រធានបទជាច្រើនទៀត៕
រូបថត: KCNA