ខេត្តកំពង់ឆ្នាំង៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីររថយន្តព្រុស បានបុកចំពេញមួយទំហឹងជាមួយនឹងរថយន្តកុងតឺន័រ បណ្តាលឲ្យអ្នកបើកបររថយន្តព្រុសគៀបជាប់ស្លាប់នៅក្នុងរថយន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និ៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក អ៊ីន ច័ន្ទមុន្នី ប្រធានផ្នែកចរាចរណ៍ស្រុកកំពង់ត្រឡាច ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយតូយូតាព្រុសមួយគ្រឿ ពាក់ស្លាកលេខ ភ្នំពេញ 2AI-8346 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន នៅពេលមដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ក៏បានរេចង្កូតទៅបុករថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3D-1426 ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បុកពេញមួយទំហឹងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យអ្នកបើកបររថយន្តតូយូតាព្រុស គៀបជាប់នៅក្នុងរថយន្តឆេះស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមកពន្លត់រហូតដល់ម៉ោងជាង១០យប់ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
លោក អ៊ីន ច័ន្ទមុន្នី ប្រធានផ្នែកចរាចរណ៍បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃ២៥ ខែកក្កដា នេះថា សពដែលស្លាប់នៅក្នុងរថយន្តព្រុស សមត្ថកិច្ចពុំស្គាល់អត្តសញ្ញាណនោះទេ ព្រោះសាកសពឆេះស្ទើអស់ទៅហើយ ដូចនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់សមាជិកគ្រួសារអោយមករកនៅស្រុកកំពង់ត្រឡាច ៕
ដោយ៖ ចន្ថា