ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការឈឺចាប់របស់ប្រជាជាតិកម្ពុជាដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនិងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេសដែលស្តែងឡើងតាមរយៈគម្លាតមានក្រ បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបពលពត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ យើងត្រូវតែក្រើនរំលឹកពលរដ្ឋរបស់យើងជាដរាបអំពីមេរៀនទាំងនេះដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ហើយលើសពីនេះយើងត្រូវតែកែសម្រួល ឬសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនៃសង្គមរបស់យើងនៅពេលចាំបាច់ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឬសបានឱ្យសោះ។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ និងជំរុញឱ្យយើងអាចកសាងសង្គមបានកាន់តែប្រសើរប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលអតីតជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា! ចងចាំនិងរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ដែលបង្កឡើងដោយឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលប្រជាពលរដ្ឋខ្មែរចងចាំ មិនអាចបំភ្លេចបានឡើយ ទោះបីជារបប ដ៏សាហាវយង់ឃ្នងនេះត្រូវបានវាយផ្តួលរំលំអស់រយៈពេលជាង ៤៥ ឆ្នាំមកហើយក៏ដោយ។ រួមគ្នាការពារនិងថែរក្សាសន្តិភាពដែលរកបានមកដោយពិបាកនេះ! ៕