ខេត្តកណ្ដាល៖ ជនល្មើសជួញដូរគ្រឿងញៀនដោយខុសច្បាប់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដល នៅព្រឹកថ្ងៃទី២៥ចាត់ការតាមនីតិវិធីច្បាប់ ។
ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនជនល្មើសខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីទាបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួនឈ្មោះ យឿន ចាន់នេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងផ្សាដែក មានទីលំនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ។ ជាមួយនិងការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់, កាបូបលុយចំនួន១និងដែកកេះចំនួន១ផងដែរ ។
ប្រភពដដែលបន្ដថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានឃុំបែកចាន ដែលកម្លាំងជំនាញកំណត់និងតាមដានជាយូរមកហើយ ។ លុះមកដល់ទាបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសខាងលើធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់នៅលើកំណាត់ផ្លូវលំ ។ ក្រោយមកសមត្ថកិច្ចក៏ដាក់កម្លាំងឃ្លាំចាំមើល រហូតឈានដល់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាងជាក់ស្ដែងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ