វៀតណាម ៖ អតីតរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ក្លាយជាប្រធានាធិបតីថ្មី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភានេះ អតីតរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ លោក To Lam ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតតែងតាំងជាប្រធានាធិបតីថ្មីជាផ្លូវការហើយ បន្ទាប់ពីយុទ្ធនាការបោសសម្អាតអំពើពុករលួយបានបង្ខំឱ្យប្រធានាធិបតីវៀតណាម លោក Vo Van Thuong លាលែងពីតំណែង។

នៅក្នុងការបោះឆ្នោតជាសម្ងាត់ លោក Lam ទទួលបានសំឡេងគាំទ្រពីសមាជិកសភាវៀតណាម ៤៧២ ក្នុងចំណោមសមាជិកសរុប ៤៧៣រូប។ ការបោះឆ្នោតអនុម័តជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បានផ្តល់អនុសាសន៍ឱ្យរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងលោក Lam អាយុ ៦៧ឆ្នាំ ឱ្យក្លាយជាប្រធានាធិបតីថ្មី ក្រោយតំណែងនេះត្រូវបានទុកឱ្យនៅទំនេរ រយៈពេលប្រមាណជា២ខែមកហើយ បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី លោក Vo Van Thuong។ លោក Lam បានស្បថចូលកាន់តំណែងក្នុងថ្ងៃតែមួយ ជាមួយការសន្យាថានឹងស្មោះត្រង់ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងនឹងបន្តដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក To Lam កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៤ ក្នុងស្រុក Van Giang ខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាម។ លោកបានចូលរៀននៅសាលាប៉ូលិសវៀតណាមក្នុងឆ្នាំ១៩៧៤ និងបានចូលរួមជាមួយគណបក្សកុម្មុយនិស្ដវៀតណាមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨១ ហើយបានក្លាយជាសមាជិកផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨២។
លោក To Lam ជាសមាជិកម្នាក់នៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាមសម្រាប់នីតិកាលទី១១,១២និងទី១៣។ លោកបានក្លាយជាសមាជិក ការិយាល័យនយោបាយក្នុងនីតិកាលទី១២ និងទី១៣និងជាប្រតិភូសភាវៀតណាមនីតិកាលទី១៤ និងទី១៥។ លោក To Lam មានអាយុ៦៧ឆ្នាំ បានចាប់ផ្ដើមការងារនៅឯនាយកដ្ឋានគាំពារនយោបាយទី១ និងក្រោយមកត្រូវបានដំឡើងតំណែងជានាយករងនៃនាយកដ្ឋានគាំពារនយោបាយទី១ ហើយក្រោយមក ទើបបានក្លាយជា នាយកនៃនាយកដ្ឋានគាំពារនយោបាយទី៣ នៃអគ្គនាយកដ្ឋានសន្តិសុខ។
ក្រោយមកទៀត លោក Lam ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម តែងតាំងក្នុងឆ្នាំ២០០៩ ឱ្យកាន់តំណែងប្រធាននាយកដ្ឋានសន្តិសុខទី១ និងជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ នៅខែសីហា ឆ្នាំ២០១០។ រហូតដល់ខែមេសា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម។ លោក Lam ក៏ជាអនុប្រធានគណៈកម្មាធិការដឹកនាំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលស្ថិតក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ លោក Lam គឺជាមនុស្សម្នាក់ដែលនៅក្រោយការស៊ើបអង្កេតលើអ្នកនយោបាយធំៗក្នុងប្រទេសវៀតណាម ក្នុងនោះរួមមានលោក Vo Van Thuong ផងដែរ៕ ដោយធីរីណា

...

រូប​ថត​: quochoi.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print