ភ្នំពេញ ៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហ្សកហ្ស៊ី !
លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី នៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសស្នាក់នៅទីក្រុងប៊ីលីស៊ី លោក ឃួន ផុនរតនៈ បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Ilia Darchiashvili រដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ី ដែលភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដែលជាផល ប្រយោជន៍រួមរវាងប្រទេសទាំងពីរក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពង្រឹង ការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់។
លោក ឃួន ផុនរតនៈ ក៏បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស ហ្សកហ្ស៊ី ជាមួយ លោក Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី។ ថ្នាក់ដឹកនាំទាំងពីរ បានចាប់ផ្តើមដោយសម្តែងនូវសេចក្តីពេញចិត្តខ្ពស់ចំពោះចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ការពិភាក្សាប្រកបដោយផ្លែផ្កា និងផលិតភាព ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើវិស័យនានាគ្របដណ្តប់ទាំងនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង ការអប់រំ។ លើសពីនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាតំបន់ និងពិភពលោក ដែលជាកង្វល់រួមទៅ វិញទៅមក។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនភាគីហ្សកហ្ស៊ីអំពីស្ថានភាពនយោបាយថ្មីៗ នៅកម្ពុជា រួមមានការបោះឆ្នោតសកលឆ្នាំ២០២៣ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលថ្មី។ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីមិត្ត អំពីស្ថានភាពសេដ្ឋកិច្ច ដោយលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងសក្តានុពល ទីផ្សារ របស់កម្ពុជាដោយសង្កត់ធ្ងន់លើបរិយាកាសវិនិយោគអំណោយផល ដែលបង្កើតឡើងដោយច្បាប់វិនិយោគ ថ្មីរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានអញ្ជើញប្រកបដោយភាពកក់ក្តៅដល់អ្នក វិនិយោគហ្សកហ្ស៊ី ដោយលើកទឹកចិត្តពួកគេឱ្យស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងដៃគូក្នុងស្រុក នៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកម្មន្តសាល។
ដោយមានចំណាប់អារម្មណ៍ខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងការអភិវឌ្ឍគួរឱ្យកត់ សម្គាល់ ដែលកម្ពុជាសម្រេចបាន លោក Alexander Khvtisiashvili បានសម្តែងនូវអំណរសាទរ ចំពោះសមិទ្ធផលនេះ។ បន្ទាប់មក លោកបានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ហ្សកហ្ស៊ីគឺពឹងផ្អែក យ៉ាងខ្លាំងលើឧស្សាហកម្មដឹកជញ្ជូន និងភស្តុភារកម្ម។ ហ្សកហ្ស៊ីជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ ការចែកចាយ ឃ្លាំងស្តុកទំនិញ និងសកម្មភាពដឹកជញ្ជូន ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនដែល មានហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍយ៉ាងល្អ និងការតភ្ជាប់ទៅកាន់ទីផ្សារសំខាន់ៗ។
លោកអនុរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ហ្សកហ្ស៊ី ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ដោយឈរ លើមូលដ្ឋាននៃភាពជាដៃគូប្រកបដោយសមភាព និងការគោរពគ្នាទៅវិញទៅមក។ ដើម្បីនាំមកនូវការ អភិវឌ្ឍនៃទំនាក់ទំនងបន្ថែមទៀត ឯកឧត្តម បានស្នើឱ្យបន្តរក្សាកិច្ចសន្ទនាជាប្រចាំ និងរៀបចំឱ្យមានការ ផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ដែលត្រូវបានទទួលការគាំទ្រពេញទំហឹងពី លោក ឃួន ផុនរតនៈ ។
សហប្រធានទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះលទ្ធផលប្រកបដោយ ផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី១ នេះនិងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ លើកទី២ នៅរាជធានីភ្នំពេញ តាមពេលវេលាសមស្រប ៕