ភ្នំពេញ ៖ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០% ពោលគឺកើនគុណនឹង២។
សម្ដេចធិបតីគូសបញ្ជាក់ថា ៖ យើងមិនអាចថា១២ឆ្នាំក្រោយ ឡើងពី៤១-៤២%នោះទេ តែនេះយើងដាក់គុណនឹង២តែម្ដង ដែលជាគោលដៅមួយខ្ពស់ និងជាគោលដៅដែលចាំបាច់ត្រូវតែធ្វើ ក៏ដូចជាស្របទៅនឹងគោលការណ៍របស់អន្ដរជាតិផងដែរ។ ប៉ុន្ដែអ្វីដែលសំខាន់គឺការបេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍការគ្រប់ដណ្ដប់នេះ។
សម្ដេចធិបតី បានគូសរំលេចថា ការគ្របដណ្ដប់នៅទីនេះមានន័យថាបរិយាបន្ន ពោលគឺយើងរុញសេវាឱ្យទៅដល់ប្រជាពលរដ្ឋយើងឱ្យបានជាអតិបរមា។ នេះជាគោលដៅធំរបស់យើង។
សម្តេចធិបតីបានគូសបញ្ជាក់ថា «លទ្ធភាពទទួលបានសេវាសុខាភិបាល ការបង្កើនគុណភាពសុខាភិបាល តែប្រជាជនអត់មានលទ្ធភាពទទួល អត់មានប្រយោជន៍អ្វីនោះទេ អ៊ីចឹងគឺត្រូវធ្វើយ៉ាងណាបង្កើនលទ្ធភាពប្រជាពលរដ្ឋជាពិសេសអ្នក ក្រីក្របំផុត ដើម្បីទទួលបានសេវា មិនអាចប្រមូលផ្តុំបង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្រុងនោះទេ នៅពេលដែលជនបទមានគម្លាតឆ្ងាយ»។
សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល នៅតាមមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ក្រៅពីការពង្រឹងទៅគុណភាពសុខាភិបាល រាជរដ្ឋាភិបាលក៏យកចិត្តទុកខ្លាំងផងដែរ ទៅលើលទ្ធភាពទទួលបានសេវា តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូងនេះមន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
សម្តេចបានថ្លែងថា ជាមួយគ្នា រាជរដ្ឋាភិបាលក៏គិតគូរទៅលើតម្លៃសមរម្យនៃការផ្តល់សេវា ពោលគឺ ប្រសិនបើគុណភាព សុខាភិបាលបានរុញទៅដល់មូលដ្ឋានហើយ គឺត្រូវតែគិតអំពីលទ្ធភាព ក្នុងការបង់ថ្លៃ ឬមួយក៏ការជួយជ្រុំជ្រែងរបស់រដ្ឋក្នុងកម្រិតណាមួយ។ នេះគឺជាគោលដៅចាំបាច់ ក្នុងការពង្រឹងធនធាន មនុស្ស និងសុខភាពជាចម្បង គឺកសាងសេវាសុខភាពដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន និងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាព នៅក្នុងការទទួលបានដោយមានចីរភាព ៕