យោងតាម Reuters បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Singapore Airlines លោក Goh Choon Phong កាលពីថ្ងៃទី 22 ខែឧសភា បានចេញលិខិតសុំទោសមួយបន្ទាប់ពីមានឧប្បត្តិហេតុចលាចលយ៉ាងធ្ងន់ធ្ងរលើជើងហោះហើរពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរី ដោយបានសម្លាប់មនុស្សម្នាក់និងរបួសមនុស្សចំនួន 71 នាក់។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើទំព័រ Facebook របស់ក្រុមហ៊ុនអាកាសចរណ៍ លោក Goh បាននិយាយថា ក្រុមហ៊ុន Singapore Airlines បានសុំទោស “សម្រាប់បទពិសោធន៍ដ៏ឈឺចាប់ដែលមនុស្សគ្រប់គ្នានៅលើជើងហោះហើរ SQ321បានឆ្លងកាត់”ក្នុងពេលចលាចលខ្លាំងដែលបានកើតឡើងក្នុងអំឡុងពេលហោះហើរនៅថ្ងៃទី 21 ខែឧសភា។ លោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងអំឡុងពេលស៊ើបអង្កេត ហើយនឹងផ្តល់ព័ត៌មានថ្មីៗតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន។
ជើងហោះហើរ Boeing 777-300ER បានជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលយន្តហោះកំពុងហោះហើរពីលើអាង Irrawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីហោះហើរបានប្រហែល 10 ម៉ោង ហើយត្រូវចុះចតជាបន្ទាន់នៅទីក្រុងបាងកក។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបាននិយាយថា អ្នកដំណើរ១៣១នាក់ និងសមាជិកអាកាសយានិក១២នាក់បានមកដល់ប្រទេសសិង្ហបុរីនៅម៉ោង៥ព្រឹក ថ្ងៃទី២២ ខែឧសភា តាមជើងហោះហើរសង្គ្រោះ។ អ្នកដំណើរ 79 នាក់ និងសមាជិកអាកាសយានិក 6 នាក់នៅតែស្ថិតក្នុងទីក្រុងបាងកក រួមទាំងអ្នកដែលត្រូវការការព្យាបាល និងសាច់ញាតិរបស់ពួកគេ៕ ដោយធីរីណា
រូបថត: straits times