មេខ្លោង៤នាក់ត្រូវបានឃាត់ខ្លួនបន្ថែមទៀត ដែលដឹកនាំដោយប្រធានក្រុមការងាររបស់សម្តេចនាយករដ្ឋមន្ត្រី

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អ្វីៗគឺជាភារកិច្ចនិងប្រសិទ្ធិភាពការងារ យប់នេះប្រចាំការគោលដៅក្រោមតំណក់ភ្លៀងជាមួយក្រុមការងារហើយក៏ត្រូវសម្រាកនៅទីនេះដែរ» ! នេះជាប្រសាសន៍ របស់ លោក ប៉ាន់ខែម ប៊ុនថន   ប្រធានក្រុមការងាររបស់សម្តេចនាយករដ្ឋមន្ត្រី ខណៈដែលលោកបានដឹកនាំក្រុមការងារបង្ក្រាប ការលួច ទន្រ្ទានដីរដ្ឋ ក្នុងដំណើរបេសកកម្ម ក្រោមដំណក់ទឹកភ្លៀង ទាំងយប់ លះបង់ពេលវេលា សឹងមិនបានទទួលទានបាយ ដើម្បីស្វែងរកក្រុមទន្រ្ទានដី ឱ្យចំគោលដៅ អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោក ប៉ាន់ខែម ប៊ុនថន   ប្រធានក្រុមការងាររបស់សម្តេចនាយករដ្ឋមន្ត្រី នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលចាញ់បោកមេខ្លោង មកដាក់ពាក្យប្តឹង ដើម្បីអាជ្ញាធរចាត់ការបន្តតាមច្បាប់ ខណៈមេខ្លោង៤នាក់ត្រូវបានឃាត់ខ្លួនបន្ថែមទៀត ។

សូមបញ្ជាក់ថា ៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាចុះបង្ក្រាបបទល្មើសការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់មកដាក់ពាក្យប្តឹង ដើម្បីអាជ្ញាធរចាត់វិធានច្បាប់ការបន្តទៀត ទៅលើបុគ្គលទាំងនោះ។ 

ប្រធានក្រុមការងារសម្តេចមហាបវរធិបតី ថ្លែងបែបនេះនៅក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង កាលពីម្សិលមុិញ ។ 

នៅក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន លោកបណ្ឌិតប៉ាន់ខែម ប៊ុនថន បន្តថ្លែងថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសខ្មែរអុីស្លាមនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ឬបណ្តាខេត្តមួយចំនួនផ្សេងទៀត ដែលធ្លាប់បានទាក់ទងមកបុគ្គលឈ្មោះ ស្លេះ សារី សូមបងប្អូនមកដាក់ពាក្យបណ្តឹងដើម្បីទាមទារនូវការខាតបង់របស់បងប្អូនវិញ យើងខ្ញុំជាក្រុមការងាររួមជាមួយនឹងស្ថាប័នច្បាប់ និងកម្លាំងប្រដាប់អាវុធនៅទីនេះរង់ចាំទទួលបណ្តឹងបងប្អូន និងជួយបងប្អូន ដើម្បីចាត់ការបន្តតាមច្បាប់»។ 

ប្រធានក្រុមការងារលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បន្តទៀតថា បុគ្គលទាំង៤រូបខាងលើ គឺលោក ស្លេះ សារី រស់នៅខេត្តកំពង់ចាម ជាមេខ្លោងក្នុងរៀបចំផែនការប្រមូលមនុស្ស និងរៃអង្គាសលុយពីបងប្អូនទាំងអស់ ពិសេសបងប្អូនខ្មែរអ៊ិសស្លាម ដើម្បីចូលទៅទន្ទ្រានដីព្រៃរបស់រដ្ឋនិងបែងចែកជាកម្មសិទ្ធិ។ ដោយឡែកចំនួន៣នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការសាកសួរពីព្រះរាជអាជ្ញាដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្តថា ៖ នេះគឺអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមេត្តាឈប់ជឿ និងឈប់ចាញ់បោកជនខិលខូចបន្តទៀត ព្រោះទីតាំងដីព្រៃដែលអាជ្ញាធរដកហូតយកមកវិញនោះ ពេលនេះយើងបានប្រគល់ទៅឲ្យសាមីក្រសួង មានក្រសួងកសិកម្ម និងក្រសួងបរិស្ថានដើម្បីគ្រប់គ្រងវិញហើយ ។ 

សូមបញ្ជាក់ផងដែរ ៖ ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារសម្តេចមហាបវរធិបតីបានរំដោះដីព្រៃត្រឡប់មកវិញចំនួន២កន្លែង គឺនៅតំបន់ភ្នំក្រឡាពុះ ក្នុងភូមិសាស្ត្រស្រុកសេសានរំដោះបាន៧.០០០ហិកតា និងគ្រោងរងការខូចខាត៦.០០០ទៅ៧.០០០ហិកតា បន្ថែមទៀត និងនៅតំបន់ព្រៃព្រះរការ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យរំដោះបាន៦០០ហិកតាខូចខាតទាំងស្រុង និងគ្រោងរងការខូចខាត៥០០ ទៅ៦០០ហិកតាបន្ថែមទៀត។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «ការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងបានសហការជាមួយក្រុមការងាររបស់សម្តេចមហាបវរធិបតី ដឹកនាំដោយ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី បានចុះប្រតិបត្តិការយ៉ាងក្តៅគគុកដើម្បីបង្ក្រាបសកម្មភាពដុត បំផ្លាញ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

រដ្ឋបាលខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋដែលលង់ចាញ់បោក មេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញដោយសន្តិវិធី ពីទីតាំងដីដែលបានកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួនពីរកន្លែង គឺទីមួយ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុង ស្រុកសេសាន និងទីពីរ គឺនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ។

ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតប្រមាណ៧០០០ហិកតា និងគ្រោងរងការខូចខាតប្រមាណ ៦០០០-៧០០០ហិកតាបន្ថែមទៀត។ រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង៦០០ហិកតា និងគ្រោងរងការខូចខាត ប្រមាណ៥០០-៦០០ហិកតា បន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានដកហូតយកមកវិញ ប្រគល់ជូនមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ។

ក្នុងករណីនេះ ចំពោះក្រុមមេខ្លោង និងបក្ខពួកពាក់ព័ន្ធនឹងរឿងនេះ ចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន មេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងការប្រព្រឹត្តល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធតាមគ្រប់រូបភាពក្នុងសកម្មភាពកាប់ទន្ទ្រាន និងដុតបំផ្លាញដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងត្រូវចូលរួមថែរក្សាធនធានព្រៃឈើរបស់យើងទាំងអស់គ្នា ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print