សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៤ ខែឧសភា ឆ្នាំ ២០២៤ បានផ្សាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបោកបក់ទៅលើភាគខាងត្បូងនៃប្រទេសប្រេស៉ីលជាថ្មីទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងសម្អាតទីក្រុង រយៈពេលជាច្រើនថ្ងៃមកនេះ ហើយបានជន់លិចផ្នែកផ្សេងទៀតនៃទីក្រុង Porto Alegre របស់រដ្ឋ Rio Grande do Sul។
ទឹកជំនន់កាលពីខែមុន បានសម្លាប់មនុស្សចំនួន ១៦៣នាក់ និង ៦០០,០០០នាក់ផ្លាស់ទីលំនៅ ខណៈដែល ៦៤នាក់បាត់ខ្លួននៅឡើយ។ ប៉ុន្មានថ្ងៃមកនេះឥទ្ធិពលភ្លៀង បានថមថយខ្លះ ហើយអ្នកស្រុកចាប់ផ្តើមបើកហាង នានាឡើងវិញ។ ប៉ុន្តែមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានកើតឡើងនៅទីក្រុង Porto Alegre ម្តងទៀត។ បើតាមស្ថិតិពីវិទ្យាស្ថានឧតុនិយមជាតិ ត្រឹមរយៈពេល ១២ម៉ោង ផ្នែកខ្លះនៃទីក្រុង Porto Alegre បានទទួលទឹកភ្លៀងច្រើនប្រហែលធ្លាក់ភ្លៀងពេញមួយខែ ហើយប៉ះពាល់ដល់តំបន់ភាគខាងត្បូងនៃទីក្រុង Porto Alegre ដែលមិនទាន់ជន់លិច។
អភិបាលក្រុង Porto Alegre លោក Sebastiao Melo និយាយថា បើតាមធម្មតាមិនចម្លែកទេសម្រាប់ទីក្រុងនេះ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ប្រជាពលរដ្ឋបានត្អូញត្អែរពីការខ្វះខាតសេចក្តីព្រមានទុកជាមុនអំពីភ្លៀងធ្លាក់៕ ដោយធីរីណា
រូបថត: TTXVN