ខេត្តត្បូងឃ្មុំ ៖ នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គល នៅភូមិគ្រឹះរបស់សម្តេច ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលប្រកបដោយសេចក្តីសោមនស្សរីករាយក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចក្រឡាហោម និងលោកស្រី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ព្រមទាំងបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តចូលរួមចំណែកក្នុងបេសកកម្មបម្រើក្នុងបុព្វហេតុ ដ៏ឧត្តុង្គឧត្តមនៃ ជាតិ សាសនា ព្រះមហាក្សត្រ ៕