ភ្នំពេញ៖ ការចុះផ្សាយមតិយោបល់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីគម្រោង “ព្រែកជីកហ្វូណនតេជោ” នៅលើបណ្តាញសារព័ត៌មានអន្តរជាតិ Nikkei Asia នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដែលមានអត្ថន័យជាខេមរភាសាដូចខាងក្រោម៖
គម្រោងផ្លូវនាវាចរណ៍របស់កម្ពុជានឹងនាំមកនូវភាពរីកចម្រើនរុងរឿង
ផ្លូវទឹកនេះនឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។
លាតសន្ធឹងចម្ងាយ ១៨០គីឡូម៉ែត្រ ពីបេះដូងនៃទីក្រុងភ្នំពេញ ទៅកាន់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់នៃខេត្តកែបនៅឈូងសមុទ្រថៃ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានអនុម័តនៅខែ
ឧសភា ឆ្នាំ២០២៣។ គម្រោងនេះនឹងធ្វើទំនើបកម្មផ្លូវទឹកបុរាណរបស់ប្រទេសកម្ពុជា ហើយនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការស្តារឡើងវិញនូវផ្លូវទឹកដែលប្រើប្រាស់ដោយអាណាចក្រហ្វូណនបុរាណកាលពីជាង ២០០០ឆ្នាំមុន ដោយពង្រីកឱ្យមានមុខកាត់ ១០០ម៉ែត្រ និងមានជម្រៅ ៥,៤ម៉ែត្រ អាចឱ្យនាវារហូតដល់ ៣០០០តោន អាចឆ្លងកាត់បាន។ ការស្តារនេះនឹងមានការសាងសង់ទ្វារទឹកចំនួន ៣ និងស្ពានចំនួន ១១ផងដែរ។
អ្នកតស៊ូមតិផ្នែកបរិស្ថាន អ្នករៀបចំផែនការសង្គម និងអ្នកវិភាគភូមិសាស្ត្រនយោបាយបានពិនិត្យយ៉ាងល្អិតល្អន់ត្រឹមត្រូវលើគម្រោងប្រព័ន្ធគ្រប់គ្រងទឹកដែលបានស្នើឡើងនេះ។ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបានគិតគូរជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។
គម្រោងផ្លូវទឹកប្រកបដោយមហិច្ឆិតា និងការប្រុងប្រយ័ត្ននេះ ឈរលើមូលដ្ឋាន ការប្តេជ្ញាចិត្តចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងស្ថិរភាពក្នុងតំបន់។
តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។
លើសពីផលចំណេញផ្នែកពាណិជ្ជកម្ម ប្រព័ន្ធផ្លូវទឹកដែលពង្រីកថ្មីនេះត្រូវបានរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមានការបង្កើតឱកាសការងារជាច្រើន និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ តំបន់ពាណិជ្ជកម្មថ្មីនៅតាមបណ្តោយផ្លូវទឹកនឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះក៏នឹងជំរុញវិស័យទេសចរណ៍នៅកម្ពុជា ថែមទាំងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្តល់នូវប្រព័ន្ធធារាសាស្រ្តសម្បូរបែប ដែលនឹងហុចផលដល់សង្គមកសិកម្មរបស់កម្ពុជាផងដែរ។
សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកនេះ នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យទាក់ទងនឹងការដឹកជញ្ជូន ភស្តុភារកម្ម និងរោងចក្រសហគ្រាស ដែលអាចទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូនដែលមានភាពអំណោយផលជាងមុន។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាពក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀងនិងទឹក ការផ្តល់សេវាដឹកជញ្ជូន និងភស្តុភារកម្មដែលមានភាពប្រសើរឡើងសម្រាប់ផលិតផលកសិកម្ម កាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត និងការផ្តល់សេវាសំខាន់ៗជាច្រើនផ្សេងទៀតសម្រាប់ប្រជាជននៅក្នុងតំបន់។
នៅគ្រប់ជំហាននៃគម្រោងនេះ មតិយោបល់របស់សហគមន៍ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ ហើយសុខុមាលភាពរបស់ប្រជាជនត្រូវបានកំណត់ជាអាទិភាព ដោយមានការរៀបចំផែនការរួមគ្នា និងសំណងសមធម៌ជាការងារចំពោះមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះគឺសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលនឹងធានាបាននូវវិបុលភាពរួមគ្នា។
ការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងម៉ត់ចត់ដែលធ្វើឡើងជាមួយអ្នកឯកទេសអន្តរជាតិចំនួន ៤៨នាក់ នឹងធានាថាផ្លូវទឹកថ្មីនេះ គោរពដល់បេតិកភណ្ឌធម្មជាតិនៃទន្លេមេគង្គ និងអនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលចុះហត្ថលេខាដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ក្នុងស្មារតីនៃតម្លាភាពពេញលេញ កម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គនៅខែសីហា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សារបស់យើង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ។
គម្រោងនេះនឹងផ្តល់នូវការការពារពីការផ្លាស់ប្តូរយ៉ាងគំហុកនៃកម្រិតទឹក និងរក្សាលំហូរទឹកធម្មជាតិនៅក្នុងតំបន់។ គំរូជលសាស្ត្រដែលមានភាពលម្អិត បានបង្ហាញលទ្ធផលព្យាករណ៍ថាមានផលប៉ះពាល់ត្រឹមតែ ០.
០៦% តែប៉ុណ្ណោះលើរំហូរទឹកប្រចាំថ្ងៃរបស់ទន្លេមេគង្គក្នុងរដូវប្រាំង ហើយមិនមានផលប៉ះពាល់អ្វីទាំងអស់ក្នុងរដូវទឹកជំនន់។ ផ្លូវទឹកនេះនឹងបង្កើតជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីថ្មី ហើយការពារប្រឆាំងនឹងការជ្រៀតចូលនៃទឹកប្រៃមកកាន់ទឹកសាប ក្នុងន័យនេះ គម្រោងនេះនឹងរក្សាបាននូវជីវចម្រុះនៃដីសណ្ដទន្លេមេគង្គ។
លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកនៅខេត្តចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការកើតឡើងនៃគ្រោះរាំងស្ងួត និងកាត់បន្ថយគ្រោះទឹកជំនន់ភ្លាមៗ ក្នុងប្រទេស និងកាត់បន្ថយហានិភ័យដែលទឹកជំនន់ក្នុងតំបន់អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាម ផងដែរ។
កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពហើយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួម។ ខ្ញុំអាចបញ្ជាក់បានថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ នឹងដំណើរការក្រោមគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបង្កើតឡើងដោយឈរលើគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព និងហាមឃាត់ដាច់ខាតវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន។
សរុបមក ផ្លូវទឹកនេះនឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោងដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លាពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។
នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជាចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង៕
ដោយ៖តារា