ខេត្តបន្ទាយមានជ័យ៖ នាយករងនៃសាលាបឋមសិក្សាថ្មពួក ស្រុកថ្មពួកម្នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ពីបទលួងលោមរំលោភសិស្សស្រីម្នាក់ដោយសន្យាឱ្យពិន្ទុខ្ពស់ហើយរំលោភបានសម្រេចជាច្រើនលើក ។
លោកស្រីឧត្តមសេនីយ៍ត្រីឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័របានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអណ្ដូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានតួនាទីជានាយករងសាលាបឋមសិក្សាថ្មពួក ស្ថិតក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះអាយុ១២ឆ្នាំ ជាសិស្សសាលាបឋមសិក្សាថ្មពួក នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកស្រីឧត្តមសេនីយ៍ស្នងការរង បន្តថា៖ ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះគឺយោងតាមបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ទ. ញ. ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ មន្ត សុមិត្ត នាយករង ថាបានលួងលោមចៅស្រីរបស់គាត់រំលោភបានសម្រេចជាច្រើនលើក ខណៈដែលគាត់បានឃើញទឹកមុខចៅស្រីមានសភាពស្លេកស្លាំងខុសពីធម្មតាក៏បានសួរនាំ ហើយចៅស្រីបានប្រាប់ពីហេតុការណ៍ដែលបានកើតមកលើខ្លួននោះ ។
ក្រោយពីទទួលបណ្តឹងហើយ កម្លាំងនគរបាលស្រុកថ្មពួកបាននាំខ្លួនជនសង្ស័យមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មន្ត សុមិត្ត បានសារភាពថា៖ ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះប្រាកដមែនកាលពីខែមេសានិងនៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងបន្ទប់បណ្ណាល័យ ដោយសន្យាឱ្យពិន្ទុកល្អនិងឱ្យចំណាត់ថ្នាក់ខ្ពស់ ។ ដោយផ្អែកលើបណ្តឹងជីតាក្មេងស្រីរងគ្រោះ និងការបំភ្លឺពីជនរងគ្រោះ ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយចាត់ការតាមនីតិវិធី៕ ដោយវណ្ណា