សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ក្រុមហាម៉ាស់បានបាញ់មីស៉ីលទៅលើទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នាំឱ្យសំឡេងស៉ីរ៉ែនបន្លឺឡើងក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អ៉ីស្រាអែលមួយនេះជាលើកដំបូង ក្នុងរយៈពេល ៤ខែ ខណៈដែលក្រុមហាម៉ាស់ព្យាយាមបង្ហាញកម្លាំងយោធា ទោះបីអ៉ីស្រាអែលកំពុងវាយលុកតំបន់ហ្កាហ្សាក៏ដោយ។
Rafah ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រប៉ុណ្ណោះ នៃភាគខាងត្បូងទីក្រុង Tel Aviv។ យោធាអ៉ីស្រាអែលអះអាងថា មីស៉ីល៨គ្រាប់ត្រូវបានកំណត់អត្តសញ្ញាណថា បាញ់ចេញមកពីទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ មីស៉ីលជាច្រើនត្រូវបានស្ទាក់ចាប់ ហើយមិនមានរបាយការណ៍ពីអ្នកស្លាប់ឬរបួសនោះទេ។ កងពលតូច Al-Qassam របស់ហាម៉ាស់ បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញ ដើម្បីឆ្លើយតបទៅនឹងការសម្លាប់អាយុជីវិតជនស៉ីវិលក្រោមប្រតិបត្តិការយោធារបស់អ៉ីស្រាអែល។
នៅយប់ថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីកិច្ចការសង្គ្រាមរបស់លោក ដើម្បីពិភាក្សាអំពីប្រតិបត្តិការបន្តនៅ Rafah ទោះជាមានសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឱ្យអ៉ីស្រាអែលបញ្ឈប់សកម្មភាពរបស់ខ្លួននៅទីនោះក្តី៕ ដោយធីរីណា
រូបថត:Times of Israel