ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូ ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” និងរួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ក៏ដូចជា ការជំរុញចលនាទេសចរក្នុងស្រុកផងដែរ។
ពិធីបើកព្រឹត្តិការណ៍ Car & Bike Festival បានប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ក្រោមអធិបតីភាព លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា រួមជាមួយ គណៈអភិបាលខេត្តសៀមរាប អាកាសចរណ៍ស៊ីវិល តំណាងសមាគមទេសចរណ៍កម្ពុជា តំណាងសមាគមសណ្ឋាគារកម្ពុជា ក្រុមការងារអង្គការ និងក្រុមការងារ Clip RV Media ព្រមទាំងដៃគូសហការនានា។
ក្នុងសុន្ទរកថាបើក លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យដ៏សំខាន់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន ជាក់ស្តែងព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយានយន្តនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងទេសចរបរទេស និងទេសចរក្នុងស្រុក ស្របតាមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំទស្សនាសៀមរាប ២០២៤”។
ក្នុងសុន្ទរកថាស្វាគមន៍ លោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ព្រឹត្តិការណ៍ជំនួបយានយន្តនេះនឹងជួយជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អដើម្បីជួយបង្កើននូវការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប នៅក្នុងដំណាក់កាលនៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩។
លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា ក្រៅពីជួយទាក់ទាញទេសចរ ការរៀបចំព្រឹត្តការណ៍នេះ ក៏មានគោលបំណងចង់ឱ្យអ្នកដែលស្រឡាញ់យានយន្តប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឱ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណៈជនទូទៅជាច្រើន ដោយមានការចុះឈ្មោះចូលរួមប្រកួតម៉ូតូធំប្រមាណ ៥០០គ្រឿង និងរថយន្តប្រណាំងប្រមាណ ១០០គ្រឿង និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករសរុបរយៈពេល ៣ថ្ងៃមានចំនួនប្រមាណ ៦៥,០០០នាក់ (ថ្ងៃទី១ ប្រមាណ ១០,០០០នាក់ នៅថ្ងៃទី២ ប្រមាណ ៣០,០០០នាក់ និងថ្ងៃទី៣ ប្រមាណ ២៥,០០០នាក់) ក្រៅពីការប្រណាំងរថយន្ត និងម៉ូតូ ក៏មានការតាំងពិព័រណ៍រថយន្ត ការប្រគុំតន្ត្រី ស្តង់ពិព័រណ៍ម្ហូបអាហារ និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ៕ដោយ៖តារា