ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើង ក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងយុទ្ធនាការចុះអនុវត្តចាត់វិធានការយ៉ាងក្តៅគគុកបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព គោលការណ៍ជំនាញនិងច្បាប់ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរសង្គមកិច្ច សម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានអប់រំកុមារទំនាស់នឹងច្បាប់ អាយុក្រោម ១៤ឆ្នាំ ចំនួន ០៣នាក់ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
គួររម្លឹកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែឧសភាថ្មីៗនេះ ខណៈកំពុងជិះល្បាតតាមភូមិសាស្រ្តនានា មកដល់ចំណុចភ្លើងស្តុបផ្លូវលេខ៥០២ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានឃើញមានក្មេង០១ក្រុម បានធ្វើការឆែកឆេររកឃើញមានកាំបិតបុ័ងតោចំនួន ០១ដើម និងសួរនាំតាមជំនាញ ក៏ប្រទះឃើញសារមួយដែលពួកគេបានណាត់ជួបវាយគ្នា ហើយកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០១និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឃាត់ខ្លួនបានក្មេងទំនើងចំនួន ០៨នាក់ ដកហូតកាំបិតបុ័ងតោ ០១ដើម ព្រមទាំងម៉ូតូចំនួន០៣គ្រឿង ម៉ាកHonda Dream និងម៉ាក Nex ពណ៌ស ចំនួន ០២ គ្រឿង ។
បច្ចុប្បន្នក្មេងទំនេីងទាំងនោះ ក៏ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានក៏សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ៕ដោយ៖តារា