បទវិភាគអន្តរជាតិ ៖កិច្ចសហប្រតិបត្តិការចិន ជប៉ុននិងកូរ៉េខាងត្បូងកំពុងចាប់ដៃគ្នាចេញដំណើរថ្មីបន្ទាប់ពីឆ្លងកាត់អស់រយៈពេល ២៥ ឆ្នាំ

ចែករំលែក៖

អន្តរជាតិ ៖ កាលពី ២៥ ឆ្នាំមុន គឺឆ្នាំ ១៩៩៩ មេដឹកនាំនៃប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានអញ្ជើញចូលរួមពិធីស្រស់ស្រូបអាហារពេលព្រឹកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននិងចិន ជប៉ុននិងកូរ៉េខាងត្បូង(១០បូក៣)ដោយបានចាប់ដំណើរការនូវដំណើរសហប្រតិបតិ្តការចិន-ជប៉ុន-កូរ៉េខាងត្បូង ។ គោលបំណងនៅពេលនោះ គឺដើម្បីដឹកនាំការគ្រោងផែនការអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចំទាំងបីនិងរួមគ្នាឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី ។

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីបាននិងកំពុងបោះជំហានទៅមុខក្នុងភាពបត់បែនដែលបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ក៏ដូចជាដឹកនាំការធ្វើសមាហរណកម្មក្នុងតំបន់ ។ ក្នុងអំឡុងពេលនេះ ដោយសារកត្តាមួយចំនួន ដូចជា ការរីករាលដាលនៃជំងឺកូវីដ ១៩ និងសហរដ្ឋអាមេរិកបានញុះញង់អុជអាលឱ្យបង្កការប្រឈមដាក់គ្នានិងការបែកបាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាដើម បានជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីបានធ្លាក់ក្នុងភាពជាប់គាំងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨ កាលពីខែធ្នូ ឆ្នាំ ២០១៩ ។ ដោយឡែកនៅខែវិច្ឆិកា ឆ្នាំ ២០២៣ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូបានជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព ហើយក៏បានជំរុញឱ្យទំនាក់ទំនងចិន-ជប៉ុននិងទំនាក់ទំនងចិន-កូរ៉េខាងត្បូងមានភាពល្អប្រសើរឡើងវិញផងដែរដែលបានបង្កលក្ខណសម្បត្តិខាងក្រៅសម្រាប់ការចាប់ដំណើរការឡើងវិញនូវកិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូង ។
នៅថ្ងៃទី ២៧ ខែឧសភា កិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៩ បានបើកធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ ភាគីទាំងបីបានចេញផ្សាយសេចក្តីប្រកាសរួមដោយបានឯកភាពគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្ត«ចក្ខុវិស័យអំពីកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងនៅ ១០ ឆ្នាំនាពេលអនាគត»ដែលអនុម័តដោយកិច្ចប្រជុំកំពូលលើកទី ៨ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យទៅជាយន្តការ ក៏ដូចជារួមគ្នាគាំពារសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពនៃពិភពលោក ។
អ្នកវិភាគបានលើកឡើងថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើនិងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ការបើកធ្វើកិច្ចប្រជុំកំពូលចិន ជប៉ុននិងកូរ៉េខាងត្បូងលើកនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងថែរក្សាយ៉ាងខ្លាំងរបស់ប្រទេសទាំងបីចំពោះកិច្ចសហប្រតិបត្តិការ ហើយក៏បានឆ្លុះបញ្ចាំងពីការដែលគោលនយោបាយចំពោះចិនរបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងកាន់អាកប្បកិរិយាប្រកបដោយវិចារណញ្ញាណ ក៏ដូចជាការឡើងកម្តៅបន្តិចម្តងៗនៃបរិយាកាសនយោបាយរវាងប្រទេសចំនួនបីផងដែរ ។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា សមិទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងកិច្ចប្រជុំលើកនេះជាសញ្ញាបង្ហាញពីការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការម្តងទៀតរវាងប្រទេសទាំងបី ។
សំណើ ៥ ចំណុចស្តីពីការអភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន-កូរ៉េខាងត្បូងនាពេលអនាគតដែលបានលើកឡើងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនក្នុងកិច្ចប្រជុំកំពូលលើកនេះទទួលបានការឆ្លើយតបវិជ្ជមានពីសំណាក់មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុន ។ ពួកគេរំពឹងថា នឹងចាត់ទុកកិច្ចប្រជុំកំពុលលើកនេះជាទីចាប់ផ្តើមថ្មីដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីរក្សាភាពនឹងនរនិងនិរន្តរភាព ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងមានផលប្រយោជន៍រួមនិងចន្លោះសហប្រតិបត្តិការជាច្រើនដែលអាចស្វែងរកការអភិវឌ្ឍជាមួយគ្នាតាមរយៈការរួមសាមគ្គីគ្នានិងអន្តរសកម្មភាព ។
បច្ចុប្បន្ននេះ ការគាំពារនិយមខាងពាណិជ្ជកម្មជាសកលមានសភាពកាន់តែធ្ងន់ធ្ងរ ហើយហានិភ័យនៃ”ការផ្តាច់ទំនាក់ទំនង”កំពុងកើនឡើង ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅតំបន់អាស៊ី ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងគឺជាប្រទេសជិតខាងដែលមិនអាចរើផ្ទះបាន ហើយក៏ជាដៃគូសហប្រតិបត្តិការដែលមិនអាចបែងចែកពីគ្នាបាន ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ហើយប្រទេសទាំងបីមានចន្លោះសហប្រតិបត្តិការយ៉ាងធំទូលាយក្នុងវិស័យដូចជាសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិតនិងស្ថិរភាពហិរញ្ញវត្ថុជាដើម ។
បើមើលដោយសត្យានុម័តអាឃើញថា កិច្ចសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូងមានឱកាស ហើយក៏មានបញ្ហាប្រឈមដែរ ។ នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងពន្លឿនការអនុវត្ត”យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វីក”ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុននិងកូរ៉េខាងត្បូងត្រូវរងការរឹតត្បិតពីទីក្រុងវ៉ាស៊ីនតោនក្នុងបញ្ហាអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ។ លើសពីនេះទៅទៀត ប្រទេសចិននិងជប៉ុន ជប៉ុននិងកូរ៉េខាងត្បូងមានការខ្វែងគំនិតគ្នាអំពីបញ្ហាប្រវត្តិសាស្ត្រជាដើមដែលបានប៉ះពាល់ដល់ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា ។

ឆ្ពោះទៅរកអនាគត ភាគីទាំងបីកាន់តែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរំខានពីខាងក្រៅ គោរពផលប្រយោជន៍ស្នូលនិងកង្វល់ដ៏សំខាន់រវាងគ្នានិងគ្នា អនុវត្តយ៉ាងប្រាកដប្រជានូវសមិទ្ធផលនៃកិច្ចប្រជុំដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការចិន ជប៉ុននិងកូរ៉េខាងត្បូងចាប់ដៃគ្នាចេញដំណើរថ្មី ។ ប្រការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសទាំងបីប៉ុណ្ណោះទេ ថែមទាំងវាក៏ជាអ្វីដែលតំបន់និងពិភពលោកចង់ឃើញនិងចង់បានផងដែរ ៕

...

ប្រភព ៖ ( «CCFR China state-controlled media»)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print