មន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខក្រុមជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិថៃនិងខ្មែរ៤នាក់និងគ្រឿងញៀនប្រមាណ២៥៧គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៨ខែ ឧសភា ឆ្នាំ ២០២៤នេះបានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខ ក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀន ឆ្លងដែន ជនជាតិថៃ និងខ្មែរចំនួន៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ice)និងប្រភេទកេតាមីនសរុបប្រមាណ២៥៧គីឡូក្រាមនឹង១៧៦.២ក្រាមព្រមទាំងរថយន្តនិងគ្រាប់បែកដៃ ចំនួន២គ្រាប់។

លោកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បានអោយដឹងថា ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  កម្លាំងនគរបាលការិយាល័យ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស្រាវជ្រាវជាង១ខែ ហើយឈានទៅសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនដោយ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ក្នុងនោះជនជាតិថៃ ចំនួន ០៣នាក់ និងជនជាតិខ្មែរ ០១នាក់។

លោកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងទៀតថា ក្នុងប្រតិបត្តិការ នេះ សមត្ថកិច្ច មានការលំបាកយ៉ាងខ្លាំងនិងក្តៅគគុក គឺនៅក្នុងព្រៃនិងពេលយប់ អស់រយះពេល ២យប់ថ្ងៃ កាលពីថ្ងៃទី២៤និង២៥ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងហើយឧក្រិដ្ឋជន ជាតិថៃ៣នាក់និងខ្មែរម្នាក់។

លោកឧត្តមសេនីយ៍ ក៍បានអោយដឹងថា  ក្រុមឧក្រិដ្ឋជន មានផែនការច្បាស់លាស់ មានទាំងគ្រាប់បែក រថយន្តចាំមើលផ្លូវ និងបិទគូថ នៅក្នុងវង្វង់ប្រតិបត្តិការជនសង្ស័យ អាចរត់រួចខ្លះ ។បើសិន មានការធ្វេសប្រហែស កម្លាំងសមត្ថកិច្ច នឹងមានគ្រោះថ្នាក់។

នៅក្នុងប្រតិបត្តិការសមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖ប្រភេទមេតំហ្វេតាមីន(ice)ចំនួន២២៥ដុំស្មើរ២២៥គីឡូក្រាមនិង២៥៣ក្រាម ,ប្រភេទកេតាមីនចំនួន ៣២ដុំ ស្មើរ ៣១ គីឡូក្រាមនឹង៩២៣.២ក្រាម ។សរុបថ្នាំញៀនសរុបរួម ២៥៧ដុំ ស្នើ២៥៧គីឡូក្រាមនឹង ១៧៦.២ក្រាម ,រថយន្តចំនួន០៤គ្រឿង , គ្រាប់បែកដៃ ០២គ្រាប់ , អេកូម ០៣គ្រឿងនិងប្រាក់ជិត១ម៉ឺនដុល្លារនិងលុយបាតជាង១០ម៉ឺនបាតទៀត។

លោកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងទៀតថា ថ្នាំញៀនទាំងនោះ ត្រូវបានជនសង្ស័យនាំចូលពីតំបន់ត្រីកោនមាស ឆ្លងកាត់ប្រទេសឡាវ ហើយ យកមកស្តុកទុកនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស តាមការប៉ាន់ស្មានឧក្រិដ្ឋជននាំយកទៅប្រទេសថៃនិងវៀតណាម មិនប្រើនៅក្នុងប្រទសកម្ពុជានោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print