ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួចនឹងអាចរំដោះ ការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១បានច្រើន និងកាន់តែប្រសើរ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបង្កើតផ្លូវថ្មី មួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈ ឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បាន ប្រមាណ៣០ភាគរយ ប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលយើងបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀតវានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត។ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យនិងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។
លោកចេង មុនីរ៉ា. អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ឱ្យដឹងថា៖ គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែការងារនេះយើងបាននឹងកំពុងខិតខំដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអោយគម្រោងនេះទទួលបានជោគជ័យ ដោះស្រាយបាននូវការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ១។
គួរបញ្ជាក់ថា៖ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្ន នេះ សសរគ្រឹះចំនួន២៤ ដើម បានចាក់បេតុង រួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ គម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥, ៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ ដោយក្រុមហ៊ុន សំណង់សៀងហៃ និង ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងស្ថាបនា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើងដោយចាយថវិកា ប្រមាណ៦០លានដុល្លារអាមេរិក និង ប្រើរយៈពេលសាងសង់៤២ខែ ដោយឥណទានសម្បទានពី ប្រទេសចិន។ នេះបើអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ឱ្យដឹងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ ៕. ដោយ សំរិត