ឧបនាយករដ្ឋមន្ត្រី ទៀ សីហា​ ដឹកនាំគណៈប្រតិភូទៅសិង្ហបុរីដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែ​ឧសភា ​ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំ កំពូល​សន្តិសុខអាស៊ីលើកទី២១ ឬហៅថាកិច្ចសន្ទនាសាំងគ្រីឡា(Shangri-La ) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ខណៈ​កិច្ចសន្ទនានេះនឹងមានវត្តមានរដ្ឋ មន្រ្តីការពារជាតិប្រទេសជាង៥០ចូលរួម។

សូមជម្រាបជូនថា​ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ដែលប្រព្រឹត្តឡើងនាឆ្នាំ២០២៤នេះ នឹង​ពិភាក្សា​គ្នា​ជា​ច្រើន លើប្រធានបទភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក, ការ​ពង្រឹង​ការ​គ្រប់គ្រងវិបត្តិនៅពេលមាន ការប្រកួតប្រជែងកាន់តែកើនឡើង, ការកសាង​សន្តិសុខ​សហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់, វិធី​សាស្ត្រ​របស់​ចិនចំពោះសន្តិសុខសកល, ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក, និងការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់ជាដើម។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនា នោះ​នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ដើម្បីចែករំលែក ទស្សនៈ​មួយចំនួននៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី«ការ​កសាង​សន្តិសុខ​សហប្រតិបត្តិការ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញ ទស្សនៈ​ស្តីពី​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្ត របស់​កម្ពុជា​ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​សន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។

បើតាម​សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលខាងលើ នាយឧ​ត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួម​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រមុខ​ការពារ ជាតិប្រទេសជាមិត្តមួយចំនួនផងដែរ។

អមដំណើរឧបនាយករដ្ឋមន្ត្រី ដើម្បីចូលរួមកិច្ចប្រជុំខាងលើនេះរួមមាន នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ,នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ,ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច រួមជា​មួយ​នាយ​ទាហាន ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

...

កិច្ចសន្ទនា Shangri-La លើកទី ២១ ដែលរៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ​ដែលហៅកាត់ថាIISSនេះ ត្រូវបានរំពឹងថា នឹងរួមចំណែក​ក្នុង​កិច្ច​ការងារ​រក្សា​សន្តិសុខ​ក្នុង​តំបន់ ខណៈកិច្ចសន្ទនានេះគឺជាកន្លែងមួយសម្រាប់មេដឹកនាំ និងអ្ន​ក​បង្កើត​គោល​នយោបាយ​ការពារ​ជាតិ និងសន្តិសុខ អ្នកជំនាញ និងអ្នកប្រាជ្ញ ជួបសន្ទនាគ្នាដើម្បីចែករំលែកទស្សនៈ និង​វិធីសាស្រ្ត​ថ្មីៗ ស្តីពីបញ្ហាប្រឈមសន្តិសុខដែលកំពុងកើតមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង​ពិភាក្សា​អំពី​ដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print