សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួន​ក្រុមក្មេងទំនើងចំនួន​ ៨នាក់​ ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ សាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤​ សម្រេចឃុំខ្លួន​ក្រុមក្មេងទំនើង ០១ក្រុមមានគ្នាចំនួន ០៨នាក់​ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​ លើសំណុំរឿងពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត បង្កឡើងដោយក្រុម ក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៨នាក់ គឺ ១.ឈ្មោះ ស៊ិន សៀវហេង ឬ ស៊ិន ស៊ីវហេង ភេទប្រុស អាយុ១៩ឆ្នាំ, ២.ឈ្មោះ ធូ ស្រណុក ភេទប្រុស អាយុ២៥ឆ្នាំ, ៣.ឈ្មោះ ណុប រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ភិន ភុតឬភីនកុត ភេទប្រុស អាយុ២០ឆ្នាំ, ៥.ឈ្មោះ ឈឿន ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ, ៦.ឈ្មោះ ជិន មករា ឬ ព្រីន មករា ហៅ ជ័យ ភេទប្រុស អាយុ២១ឆ្នាំ, ៧.ឈ្មោះ ឡុង តុលា ហៅ ហុង ភេទប្រុស អាយុ១៩ឆ្នាំ និង ៨.ឈ្មោះ រាំ ឈីត ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចេញល្បាតនៅតាមគោលដៅភូមិសាស្ត្រស្មុគស្មាញមួយចំនួនក្នុងក្រុងព្រះសីហនុ ខណៈដែលកម្លាំងល្បាត ដល់ចំណុចបង្គោលភ្លើងស្តុប ផ្លូវលេខ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏បានប្រទះឃើញ ក្រុមក្មេងទំនើងមួយក្រុមកំពុងនៅទីនោះ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ឆែកឆេររកឃើញមានកាំបិត ប៉័ងតោ ០១ដើម និងបានត្រួតពិនិត្យទូរស័ព្ទដៃរបស់ពួកគេ រកឃើញមានសារមួយដែលពួកគេបានណាត់ជួបគ្នា ដើម្បី វាយគ្នាទៀតផង ហើយកម្លាំងសមត្ថកិច្ចជំនាញបានប្រើវិធីសាស្ត្រជំនាញស្រាវជ្រាវ ទើបធ្វើការឃាត់ខ្លួនបានក្រុមក្មេង ទំនើងមួយក្រុមមានគ្នា ០៨នាក់។

...

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រម ស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ០៨នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print