ខេត្តព្រះសីហនុ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឃើញនារីម្នាក់បង្ហោះតាមរយៈ TikTok គណនីឈ្មោះ ផ្ទះសុខភាព (ម៉ាក់អូនឆឹង) បានបង្ហោះពាក់ព័ន្ធនឹងសមត្ថកិច្ចកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកភ្លាម លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ឱ្យស្រាវជ្រាវជាបន្ទាន់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជាលទ្ធផលកាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានរថយន្ត ១គ្រឿងពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AU-3322 បើកបរបញ្ច្រាស់ទិសចរាចរណ៍ នៅគោលដៅ បន្ទប់ទឹកទី១ ឆ្នេរអូរឈើទាល២ លើផ្លូវលេខ៥០០ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ដើម្បីធ្វើការពិន័យ ក្រោយពីអ្នកបើកបរបានឈប់រថយន្តកម្លាំងយើងបានគោរពគាត់ និងបានប្រាប់ថាបងបើកបរបញ្ច្រាស់ទិសចរាចរណ៍ហើយ រួចបានសុំអញ្ជើញគាត់ចុះពីលើរថយន្ត តែគាត់មិនព្រមចុះ ហើយបានសួរថាខ្ញុំខុសកន្លែងណា បន្ទាប់មកកម្លាំងយើងក៏បានឆ្លើយប្រាប់ថាបងបានបើកបរល្មើសផ្លាកសញ្ញាហាមឃាត់ (ផ្លូវឯកទិស) នៅខាងក្នុងតាមបណ្តោយឆ្នេរ ។ រយៈពេលប្រហែលជា១៥នាទី គាត់នៅតែមិនព្រមចុះពីលើរថយន្ត ទើបកម្លាំងបានសួរនាំគាត់ និងបានសុំពិនិត្យប័ណ្ណបើកបរ គាត់ក៏បានប្រគល់កូនកាបូបដាក់កាតក្នុងនោះមានកាតជាច្រើន តែកម្លាំងយើងបានដកយកប័ណ្ណបើកបរមកពិនិត្យ និងប្រគល់កូនកាបូបដាក់កាតនោះឱ្យទៅគាត់វិញ (ហើយពេលនោះមាននារីម្នាក់ដែលអង្គុយខាងមុខផ្នែកខាងស្តាំជាប់អ្នកបើកបរបានខឹង (រួចស្រែកដាក់សមត្ថកិច្ចយើងថាម្តេចបានដកយកប័ណ្ណបើកបររបស់គាត់អញ្ចឹង) បន្ទាប់កម្លាំងយើងក៏បានសុំអញ្ជើញពួកគាត់មកកាន់តុពិន័យ ព្រមទាំងយកប័ណ្ណបើកបរនោះមកកាន់តុពិន័យ ដើម្បីឱ្យពួកគាត់មកធ្វើការផាកពិន័យ ។
ក្រោយពីមកដល់តុពិន័យកម្លាំងជំនាញ បានសាកសួរ និងពន្យល់អំពីបញ្ហាល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងអំពីកាតព្វកិច្ច ភារកិច្ចនគរបាលចរាចរណ៍ផ្លូវគោកដល់ពួកគាត់ គាត់ក៏បានយល់ និងព្រមធ្វើការពិន័យចំពោះបទល្មើស បញ្ច្រាស់ទិសចរាចរណ៍ ស្មើ ១៥០,០០០រៀល ពិន័យអ្នកបើកបរឈ្មោះ KOK WAI LUN ភេទ ប្រុស ជនជាតិ ម៉ាឡេស៊ី មានលេខបង្កាន់ដៃ 180024-009765 រួចពួកគាត់ក៏បានត្រឡប់ទៅវិញ ។
សូមបញ្ជាក់ថា៖ នារីដែលបានបង្ហោះវីដេអូរ Tik Tok ថាកម្លាំងនគរបាលចរាចរណ៍ចាប់យកកាបូបគាត់ តែកម្លាំងសមត្ថកិច្ចជំនាញ សុំតែប័ណ្ណបើកបរដើម្បីធ្វើការផាកពិន័យតែប៉ុណ្ណោះស្នងការដ្ឋាន និងកំពុងទាក់ទងទៅម្ចាស់គណនី TikTok ខាងលើដើម្បីមកសាកសួរបន្ថែម ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕ដោយ៖តារា