ខេត្តកំពង់ចាម ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សៀម នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ បានបង្ក្រាបករណីក្មេងស្ទាវចំនួន ០២នាក់ ដែលបានធ្វើការបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលស្រុកកំពង់សៀម បានឱ្យដឹងថា ៖ ឈានទៅដល់ការបង្ក្រាបក្មេងស្ទាវពីរនាក់ខាងលើនេះ ធ្វើឡើងបន្ទាប់ពីបានទទួលបញ្ជាពី លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និង លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ៖ ក្នុងប្រតិបត្តិការនេះដែរ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះអន្តរាគមន៍ និងបានធ្វើការឃាត់ក្មេងស្ទាវទាំង០២ នាក់រួមមាន ៖
១ ឈ្មោះ ភី មករា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២ ឈ្មោះ អាត ភារុន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងការស្ដាប់ចម្លើយ ក្មេងទាំងពីរនាក់នោះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង ២០នាទី ពិតប្រាកដមែន។
មន្ត្រីដដែលបានបញ្ជាក់ថា ករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោកប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម ឲ្យធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទាំង ០២ នាក់ នេះ នៅចំពោះមុខអាណាព្យាបាល ហើយប្រគល់ជូនអាណាព្យាបាលយកទៅធ្វើការអប់រំបន្ត។
សូមបញ្ជាក់ថា ៖ ពេលពួកគេ ធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង ២០នាទី គឺត្រូវប្រជាពលរដ្ឋថតបាន បង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោងព្រាត ទើបសមត្ថកិច្ចមានវិធានការ ហើយប្រើពេលខ្លីបំផុតឃាត់ខ្លួនយកមកអប់រំ៕