លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិន ហ្វ្រង់កូហ្វូន (REF) លើកទី៤ ។

តបតាមការអញ្ជើញរបស់លោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ និយោជកហ្វ្រង់កូហ្វូន (APF) និងលោក Chakib ALJ ប្រធានសហព័ន្ធទូទៅនៃសហគ្រាសម៉ារ៉ុក (CGEM) លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុនឯកជនជាង ១០០០ ក្រុមហ៊ុនចូលរួម។

ក្នុងសុន្ទរកថាបើកនៃកម្មវិធីកិច្ចប្រជុំ REF ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ចំនួនពីរ៖
១) ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន ឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការ គោលនយោបាយ សមស្រប ។
និង ២) ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ដើម្បីពិភាក្សាអំពីបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ និង សកម្មភាពនានាដែលកម្ពុជា បានអនុវត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្នុងករណីដែលកិច្ចប្រជុំកំពូលនាខែតុលាឆ្នាំ២០២៤ ខាងមុខសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ លោក Olivier CADIC សមាជិកព្រឹទ្ធសភាតំណាងប្រជាជនបារាំងរស់នៅក្រៅប្រទេស ព្រមទាំង បានពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Franck RIESTER រដ្ឋមន្ត្រីប្រតិភូបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ កិច្ចការហ្វ្រង់កូហ្វូនី និងជនជាតិបារាំងនៅ បរទេសទៅលើបញ្ហានានាទាក់ទងនឹងសហគមន៍ហ្វ្រង់កូហ្វូននៅកម្ពុជា។

ជំនួបនៅម៉ារ៉ុកនេះគឺជាឱកាសដើម្បីបញ្ជាក់ពីការយល់ព្រមរបស់អាជ្ញាធរកម្ពុជាក្នុងការទទួល រៀបចំកិច្ចប្រជុំREFលើកទី៦នៅឆ្នាំ២០២៦។ ប្រធានសម្ព័ន្ធ APF និងលោកជំទាវអគ្គលេខាធិការ ហ្វ្រង់កូហ្វូនីស្វាគមន៍សេចក្តីប្រកាសរបស់កម្ពុជាហើយក៏បានបង្ហាញការពេញចិត្តលើការចូលរួមយ៉ាង សកម្មរបស់កម្ពុជានៅក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូន។

ទន្ទឹមនឹងនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយតំណាងមកពីវិស័យ ឯកជនជាច្រើនរូប ក្នុងនោះមាន លោក Chakib ALJ ប្រធានសហព័ន្ធ CGEM ដែលជាអ្នករៀបចំ ព្រឹត្តិការណ៍នេះ ដោយសហការជាមួយលោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ APF, លោក Patrick MARTIN ប្រធានចលនាសហគ្រាសបារាំង (MEDEF), លោកស្រី Sophie SIDOS-VICAT ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង (CCEF), លោក Karl BLACKBURN ប្រធានក្រុមប្រឹក្សានិយោជកកេបិក (CPQ) និងជាអនុប្រធានសម្ព័ន្ធនិយោជក ហ្វ្រង់កូហ្វូនអាមេរិក និងលោក David MEAS និងលោកស្រី Catherine JOFFROY មេធាវីក្រុមហ៊ុន Dentons ដែលជាក្រុមហ៊ុនប្រឹក្សាច្បាប់ដ៏ធំជាងគេនៅក្នុងពិភពលោក។

ពួកគេបានសម្តែងការគាំទ្រ និងសង្ឃឹមថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនដ៏សំខាន់ទាំងពីរនៅឆ្នាំ២០២៦៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជំនួបសហ គ្រិន ហ្វ្រង់កូហ្វូនលើកទី៦៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print