បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Lauren Adele Stevens ប្រតិភូអង្គការ Community Generation

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ Community Generation ដឹកនាំដោយលោកស្រី Lauren Adele Stevens នាយិកាប្រតិបត្តិ និង ជាស្ថាបនិក នៃអង្គការ Community Generation និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

លើកឡើងក្នុងឱកាសនៃជំនួបនេះ លោកស្រី នាយិកាប្រតិបត្តិ ស្ថាបនិកនៃអង្គការ Community Generation បានឱ្យដឹងថា អង្គការរបស់លោកស្រី មានដើមកំណើតនៅប្រទេសអូស្ត្រាលី បានអនុវត្តគម្រោងនៅកម្ពុជាអស់រយៈពេលជាង ៩ឆ្នាំមកហើយ ដោយផ្តោតលើការផ្តល់កម្មវិធីអប់រំបំណិនជីវិត នៅតាមសាលាបឋមសិក្សានៅជនបទក្នុងខេត្តគោលដៅ ដែលរួមមានគម្រោង (១). ការសាងសង់សាលារៀនតាមបំពង់ប្រព័ន្ធច្រូតកាត់ទឹកភ្លៀង (២). ការកសាងប្រព័ន្ធធារាសាស្រ្តនៅសួនបន្លែសាលារៀន (៣). តបំពង់ទុយោទឹកទៅកាន់ផ្ទះបាយសាលារៀន លើកកម្ពស់កម្មវិធីអាហារូបត្ថម្ភប្រចាំថ្ងៃ (៤). តបំពង់ទុយោទឹកស្អាត និងកន្លែងលាងសម្អាតដៃតាមសាលារៀន(៥). លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងកសិកម្មអាកាសធាតុឆ្លាតវៃជាដើម (Climate Smart Agriculture)។

ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ Community Generation ដែលបានជួយគាំទ្រសាលារៀននៅតាមខេត្តក្នុងប្រទេសកម្ពុជា ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ ដំឡើងប្រព័ន្ធសូឡា លើក កម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ការធ្វើចំការ និងសួនដំណាំតាមសាលារៀន និងការផ្តល់ចំណេះជំនាញចាំបាច់ជាច្រើនទៀត។ 

ដើម្បីជំរុញការអនុវត្តកម្មវិធីនេះឱ្យកាន់តែប្រសើរឡើង បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគី Community Generation(CG) ឱ្យរៀបចំអ្នកជំនាញបណ្តុះបណ្ដាលពង្រឹងសមត្ថិភាពគ្រូបង្រៀនផ្នែកបំណិនជីវិតតាមសាលារៀន ដើម្បីបង្ហាត់បង្រៀនបន្តទៅសិស្សប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដាក់ផែនការច្បាស់លាស់ក្នុងការតាមដានត្រួតពិនិត្យលទ្ធផលសម្រេចបានរបស់គម្រោង។ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តចូលរួមសហការគាំទ្ររាល់កម្មវិធី ដែលចូលរួមជួយឱ្យសម្រេចបាននូវគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដើម្បីឆ្ពោះទៅអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណតម្លៃ ជំនាញ និងសមត្ថភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print