លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងជម្រាបលានៅ វិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Jyri Järviaho បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិ ការទូតរបស់ឯកឧត្តម ព្រមទាំងបានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ នេះ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមសម្តែងនូវមរណទុក្ខចំពោះការសោយព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងបានគោរពជម្រាបជូន សម្តេចធិបតី ថា ក្នុងអាណត្តិការទូតរយៈពេល ៤ ឆ្នាំនៅកម្ពុជា ឯកឧត្តម បានចូលរួម ចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាលើ វិស័យជាច្រើន ដូចជា៖ ការបោសសម្អាតមីន ការគ្រប់គ្រងនិងចុះបញ្ជីដីធ្លី ការជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសង្គមផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបន្តក្នុង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងបរិស្ថាន។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Jyri Jarviaho ព្រមទាំងបាន អរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់លោកលើវិស័យជាច្រើន ជាពិសេស

លើវិស័យអប់រំ ដោយ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្ត គោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយ សមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ពាក់ព័ន្ធនឹងការ បណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជា អាទិភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយ ភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ និងលើកទឹកចិត្តដល់រដ្ឋាភិបាលហ្វាំងឡង់ក្នុង ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម និងបរិស្ថាន បន្ថែមទៀត តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន។

ជាទីបញ្ចប់ សម្តេចធិបតី ក៏បានជូនពរ លោកឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្ម ការងារថ្មីរបស់ឯកឧត្តម និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print