លោកបណ្ឌិត ទូច សុខៈ ៖ ជនសង្ស័យជាង៥០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៨ថ្ងៃមកនេះ!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល ៨ថ្ងៃ មកនេះ គិតចាប់ពីថ្ងៃទី២៧ ឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ក្នុងនោះមានជនសង្ស័យចំនួន ៥១៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍នេះ ក្រៅពីការបង្ក្រាបក្មេងទំនើងជាប្រចាំថ្ងៃ នគរបាលបានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសមួយចំនួនទៀត រួមមាន បទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសព្រហ្មទណ្ឌ។ ក្នុងនោះ មានជនសង្ស័យចំនួន ៤២៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនក្នុងករណីបទល្មើសគ្រឿងញៀនផ្សេងៗគ្នាចំនួន ១៦៦ករណី ភាគច្រើនជាករណីជួញដូរ រក្សាទុក និងប្រើប្រាស់ទ្រង់ទ្រាយតូច។ ជាការកត់សម្គាល់ កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ សមត្ថកិច្ចខេត្តស្វាយរៀងបានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ចាប់យកគ្រឿងញៀនចំនួន១គីឡូនិង៣,៧០ក្រាម រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ទូរសព្ទ៩គ្រឿង និងបារីអេឡិចត្រូនិក៣០ដើម។

ក្រៅពីបទល្មើសគ្រឿងញៀន លោក ទូច សុឃៈ (សុខៈ) បានលម្អិតបន្ថែមពីករណីលេងល្បែងស៊ីសង ខុសច្បាប់ ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌនានា ក្នុងនោះ សម្រាប់បទល្មើសព្រហ្មទណ្ឌ ដូចជាករណីលួច ហិង្សា រំលោភ មនុស្សឃាតដោយអចេតនា ឆក់ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ មានចំនួន ៤៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៦នាក់ និងករណីល្បែងស៊ីសងមាន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់ ក្នុងនោះមានខ្លះបានធ្វើកិច្ចសន្យាអប់រំកែប្រែ និងខ្លះទៀតបញ្ជូនទៅតុលាការ។

ការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឱឡារិក ដាក់ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានេះ ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព ៦ចំណុច ដែលត្រូវធានាអនុវត្តឱ្យបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាព ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ 

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print