Breaking News ៖ ក្តៅហើយ ! ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងធ្វើការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួល។ នេះបើយោងតាមសេចក្តី ស្តីពីការ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ៖

ប្រការ១..ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូង ខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលមាន សមាសភាពដូចខាងក្រោម៖
១. លោក កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន
២. លោកបណ្ឌិត គឹម សន្តិភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន

ប្រការ២-គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចខាងក្រោម៖
ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល – ដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញ លិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផលនៃការស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ថ្នាក់ដឹកនាំ។

ប្រការ៣-
– គណៈកម្មការចំពោះកិច្ចនេះមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់។
– អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ចនេះត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។
ក្នុងករណីប្រធានអវត្តមាន អនុប្រធានអាចកោះអញ្ជើញ និងដឹកនាំការប្រជុំតាមការប្រគល់សិទ្ធិរបស់ប្រធាន។

ប្រការ៤-អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង គ្រប់អង្គភាព ពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print