នៅថ្ងៃស្អែកនេះ ! សម្តេចធិបតី នឹងអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ កំពង់ផែតម្លៃ ១៥០០ លាន ដុល្លារ ក្នុងខេត្តកំពត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ដែលមានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០ គីឡម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣។

សូមបញ្ជាក់ថា ៖ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០ លានដុល្លារអាមេរិក ដែលបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។

កំពង់ផែសមុទ្រទឹកជ្រៅនេះ មានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០ តោន ដល់ ១០០,០០០ តោន អាចចូលសំចតបាន និង ជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិដូចជា៖ កំពង់ផែមានជម្រៅទឹកជជាងគេ មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូនចេញចូល ក្នុងប្រទេស និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។

ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមានវិសាលភាពលើផ្ទៃដីគោក ២០៧ ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print