សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើគម្រោងព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ខេត្តកំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមិនមែនជាផលប្រយោជន៍របស់ប្រទេសណានោះទេ ប៉ុន្តែគឺជាផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពីបច្ចុប្បន្ននិងទៅអនាគត។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំលង់ជឿតាមការញុះញុងរបស់ក្រុមមួយចំនួនក៏ដូចជាអ្នកនយោបាយខ្លះ ដែលចេះតែអុចអាលប្រជាពលរដ្ឋ ដោយយករូបភាពមកបំភ្លៃដើម្បីឱ្យប្រជាពលរដ្ឋបាត់ជំនឿលើគម្រោងព្រែកជីកហ្វូណនតេជោ ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះ។ សម្តេចធិបតីក៏បានប្រដៅអ្នកនយោបាយចាស់វស្សាថា «ជាអ្នកនយោបាយ និងជាអ្នកសេដ្ឋកិច្ចនឹងគេដែរ ប៉ុន្តែមួយថ្ងៃៗជេរតែរឿងគម្រោងដែលជាផលប្រយោជន៍ជាតិខ្មែរ។ បើមិននិយាយក៏គេមិនថាគដែរ!»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធកំពង់ផែអន្តរជាតិកំពត នៅក្រុងបូកគោ ខេត្តកំពត» នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈ និងកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រកាសបើកការដ្ឋានច្បាស់លាស់នេះ ដើម្បីកុំឱ្យមានការឃោសនាញុះញង់របស់អ្នកនយោបាយមួយចំនួន ពិសេសគឺអ្នកនយោបាយចាស់វស្សាមួយរួច ដែលបានបន្ទុចបង្អាក់គម្រោងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រួមទាំងបណ្តាអ្នកនយោបាយនានា ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print