ខេត្តសៀមរាប៖ ចាប់តាំងពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយកូនឈើចម្រុះសរុប ៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើ យកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖
– ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឡៃ សុភ័ស្ត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១០ដើម ច្រេស១០ដើម និងបេង១០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ ហាត់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម កកោះ៥០ដើម និងលឿងរាជ៥០ដើម។
– ប្រគេនកូនឈើចម្រុះជូនតំណាងព្រះគ្រូចៅអធិការវត្តមុនឆាយលាងវនារាម ចំនួន៤០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គ្រញូង១០០ដើម ធ្នង់៥០ដើម បេង៥០ដើម ក្ងោក៥០ដើម និងរំដួល៥០ដើម។
– ប្រគេនកូនឈើចម្រុះជូនតំណាងព្រះភិក្ខុ ប៉ុង ផាន់ ចំនួន១,៣០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តនិក្រោធារាម ស្ថិតក្នុងភូមិឆាំឆា ឃុំតាងអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ឈើទាល២០០ដើម គគីរ២០០ដើម ផ្តៀក១០០ដើម និងរំដួល១០០ដើម។
– ផ្តល់កូនធ្នង់ចំនួន១០០ដើម ជូនលោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីយកទៅដាំនៅបរិវេណក្រុងរុនតាឯក តេជោសែននៃខេត្តសៀមរាប។
– ផ្តល់កូនឈើចម្រុះជូនលោក ស៊ន់ កាន់ តំណាងគណៈកម្មការវត្តរាជបូណ៍ ចំនួន៨០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១០០ដើម ឈើទាល១០០ដើម គគីរ១០០ដើម សេដា១០០ដើម និងក្ងោក១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក អាំ ចំរើន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង៧០ដើម បេង៧០ដើម និងធ្នង់៦០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឈុំ រឺ តំណាងវិទ្យាល័យបាយ័ន ចំនួន៤០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម រំដួល១៥០ដើម និងឥន្ទនេល៥០ដើម៕ ដោយសុរិយា