អតីតអ្នកចាត់ការក្លិប Chelsea និង Tottenham Hotspur លោក Antonio Conte ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Napoli ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ បុរសវ័យ៥៤ឆ្នាំរូបនេះមិនបានគ្រប់គ្រងចាប់តាំងពីគាត់បានចាកចេញពី Spurs ដោយការយល់ព្រមទៅវិញទៅមកក្នុងខែមីនា ឆ្នាំ២០២៣បន្ទាប់ពីដឹកនាំ១៦ខែ។
ទោះបីជាមានពេលវេលាដ៏ខកចិត្តមួយនៅក្លិបអង់គ្លេសក៏ដោយ ក៏លោក Conte មានអាជីពជាគ្រូបង្វឹកដែលដឹកនាំបានល្អបន្ទាប់ពីបានដឹកនាំឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដំបូងរបស់គាត់នៅ Chelsea (២០១៦-២០១៧) និងឈ្នះពានរង្វាន់ FA Cup ជាលើកទី២របស់គាត់ មុនពេលត្រូវបានបណ្តេញចេញនៅឆ្នាំ២០១៨។
លោក Conte ដែលបានដឹកនាំក្រុម Inter Milan ឱ្យឈ្នះជើងឯក Serie A ជាលើកដំបូងរបស់ពួកគេដែលក្លិបខកខានក្នុងរយៈពេល១១ឆ្នាំ កាលពីឆ្នាំ២០២១ បាននិយាយថា “Napoli គឺជាកន្លែងដ៏សំខាន់មួយរបស់ពិភពលោក។ ខ្ញុំសប្បាយចិត្ត និងរំភើបចំពោះគំនិតនៃការអង្គុយលើកៅអីពណ៌ខៀវ។ ខ្ញុំពិតជាអាចសន្យារឿងមួយ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីភាពរីកចម្រើននៃក្រុម និងក្លិប។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ រួមជាមួយនឹងបុគ្គលិករបស់ខ្ញុំ វានឹងក្លាយជាការចូលរួមអស់ពីចិត្តចំពោះការដឹកនាំនេះ”។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក៏ធ្លាប់បានដឹកនាំ Juventus ដ៏លេចធ្លោមួយឱ្យឈ្នះពានរង្វាន់ Serie A ចំនួន៣ជាប់គ្នារវាងឆ្នាំ២០១១-២០១៤។
Napoli ដែលបានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំកាលពីឆ្នាំមុនបានតស៊ូដើម្បីធ្វើឲ្យបានល្អដូចមុន ប៉ុន្តែទោះបីជាយ៉ាងណាក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ក្នុងលីក។
ទម្រង់លេងមិនល្អរបស់កីឡាករបានធ្វើឱ្យគ្រូបង្វឹកសញ្ជាតិស្លូវ៉ាគីលោក Francesco Calzona ដែលចូលរួមជាមួយក្លិបកាលពីខែកុម្ភៈក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបណ្តេញអ្នកចាត់ការលោក Walter Mazzarri ក្រោយដឹកនាំបានតែ៣ខែ។
ទន្ទឹមនឹងនេះដែរនៅក្នុងក្របខ័ណ្ឌ Serie A អតីតគ្រូបង្វឹក Fiorentina លោក Vincenzo Italiano ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិប Bologna បន្ទាប់ពីពួកគេទទួលបានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ។ លោក Thiago Motta ដែលបានដឹកនាំក្រុម Bologna ឱ្យទទួលបានចំណាត់ថ្នាក់លេខ៥ក្នុងឆ្នាំ២០២៣-២០២៤ បានចាកចេញពីក្លិបនៅចុងបញ្ចប់នៃយុទ្ធនាការ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាគ្រូបង្វឹករបស់ Juventus ៕ (រូបភាព ៖ BBC Sport)