សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងចាប់សត្វគោជាច្រើនក្បាល តាមទីសាធារណៈនិងហៅម្ចាស់មកធ្វើកិច្ចសន្យាអប់រំបញ្ឈប់ ការលែងសត្វគោបន្តទៀត

ចែករំលែក៖

   ខេត្តស្វាយរៀង:  សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានចាប់សត្វគោជាច្រើនក្បាលដែលដើរពាសវាលពាសកាល តាមទីសាធារណៈនិងហៅម្ចាស់ធ្វើកិច្ចសន្យាអប់រំ បញ្ឈប់ការលែងសត្វគោបន្តទៀត។

    យោងតាមមន្ត្រីនគរបាលក្រុងស្វាយរៀង បានអោយដឹងនៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២៤ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយរដ្ឋបាលក្រុងស្វាយរៀង រដ្ឋបាលសង្កាត់ពោធិ៍តាហោ ចុះចាប់សត្វគោចំនួន៦ក្បាលដែលដើរពាសវាលពាសកាលតាមទីសាធារណៈ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ដោយយកទៅរក្សាទុកនៅទីធ្លារដ្ឋបាលសង្កាត់ពោធិ៍តាហោ ។

    ប្រភពបន្តថា ក្រោយមកសមត្ថកិច្ចបាន អញ្ជើញម្ចាស់សត្វគោមកធ្វើការអប់រំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់លែងសត្វគោឱ្យដើរពាសវាលកាលតាមដងផ្លូវសាធារណៈបន្តទៅទៀតនិងបានប្រគល់សត្វគោឱយទៅម្ចាស់សត្វគោខាងលើវិញ ។

    រដ្ឋបាលក្រុងស្វាយរៀង នាពេលកន្លងមក ធ្លាប់បានធ្វើកិច្ចសន្យាជាមួយម្ចាស់ចិញ្ចឹមសត្វពាហនៈនិងបានណែនាំដល់ម្ចាស់សត្វគោ ក្របីទាំងនោះអោយទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនអោយបានត្រឹមត្រូវ និងបានចេញសេចក្តីជូនដំណឹង រួចហើយ ប៉ុន្តែម្ចាស់ចិញ្ចឹមសត្វពាហនៈមួយចំនួននៅតែមិនព្រមអនុវត្តតាម ទើបអាជ្ញាធរសម្រេចដើរប្រមូលសត្វពាហនៈណាដែលដើរតាមដងផ្លូវ ដោយមិនមានចំណង ឬមានម្ចាស់នៅឃ្វាលមករក្សាទុក។

    សូមបញ្ជាក់ថា កន្លងមកសត្វពាហនៈ (គោ ក្របីជាដើម )ដែលដើរពាសវាលពាសកាលនៅលើដងផ្លូវសាធារណៈបានបង្កគ្រោះថ្នាក់អោយមានមនុស្សរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់ផង

ដែរ ៕  ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print