សម្តេច ម៉ែន សំអន នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ១៧១គ្រួសារដែលជួបបញ្ហាគ្រោះធម្មជាតិ ដោយសារខ្យល់កន្រ្តាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  រួមជាមួយប្រតិភូអមដំណើរ បានចុះសួរសុខ ទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជួយដល់ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារជួបបញ្ហាគ្រោះធម្មជាតិ ដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។ 

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជាទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។  

គួររំលឹកផងដែរថា គ្រួសារចំនួន ១១៧គ្រួសារនោះបានជួបគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល (ខូចខាតទាំងស្រុង ៩ ខ្នង មធ្យម១៦ខ្នង តិចតួច១៤៦ខ្នង ) របួសស្រាលមនុស្ស ២ នាក់ ។ 

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យម ក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គ.ក្រ, មី ១កេស,ត្រីខ១០កំប៉ុង,ទឹកស៊ីអុីវ ៦ដប, កន្ទេលជ័របត់១,មុង១,សារុង១,ភួយ១,ក្រមា១,ថវិកា ៥ ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម៖ កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយឆ្នាំងសម្ល២ ថវិកា ២ សែនរៀល ។ សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា៦ម៉ឺនរៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងបានឧបត្ថម្ភ អ្នករបួសក្នុងម្នាក់ថវិកា ២០ ម៉ឺនរៀល ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុង១គ្រួសារ ២០ម៉ឺនរៀល គ្រួសាររងគ្រោះមធ្យម ក្នុង ១ គ្រួសារ ៥ ម៉ឺនរៀល ៕  ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print