ខេត្តបាត់ដំបង÷ ទុសេខ្សែភ្លេីងបង្កជាអគ្គីភ័យឆាបឆេះធុងស្តុបប្រេងខ្មៅ និង រោងដែកមួយកន្លែងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់នេះបើយោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ដដែលបានអោយដឹងថាករណីនេះកើតឡើងនៅចំណុចក្រុមទី៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តាលអោយឆាបឆេះធុងស្តុបប្រេងខ្មៅ០១ និង រោងដែកប្រក់ ស័ង្កសី ទំហំ ៣០ម៉ែត្រX៤០ម៉ែត្រ ស្ថិតនៅក្នុងឡឥដ្ឋអភិវឌ្ឍន៍ របស់ឈ្មោះ ទៀ ហ៊នី ភេទប្រុស អាយុ ៥១ឆ្នាំ បណ្តាលអោយឆេះរោងដែកប្រក់សង្ក័សី ខូចខាត៤០% និងឆេះប្រេងខ្មៅអស់ចំនួន០១ធុងគិតជាទឹកប្រាក់អស់ចំនួន ៦០០០ដុល្លារ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងមន្ថែមថា គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធចេញជួយអន្តរាគមន៍ជាពិសេសខាងកម្លាំងជំនាញផ្នែករថយន្តពន្លត់អគ្គីភ័យបានបញ្ចេញរថយន្តដើម្បីជួយបាញ់ទឹកពន្លត់។
ប្រភពពីនគរបាលស្រុកមោងឫស្សីបានបញ្ជាក់អោយដឹងទៀតថា,បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងនគរបាល ស្រុកគាស់ក្រឡចំនួន២០នាក់ បានចេញរថយន្តចំនួន០២គ្រឿងចុះអន្តរាគមន៍ជួយពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន០៣ឡានទើបរលត់បានទាំងស្រុងករណីនេះដែរមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ៕ដោយ÷ចន្ទ លីហ្សា