សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០២៤នេះ​ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។

សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយ ដែលមានបេសក​កម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប​តម្រូវ​ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បេសកកម្មទាំង៣នោះ រួមមាន៖ ១) ជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល, ២) រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត និងទី៣) ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។

សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ សម្រាប់ការ​អនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ។ ចាប់តាំងពីការបើកឱ្យ​ដំណើរការឡើងវិញ រយៈពេលជាង៣០ឆ្នាំ​មក​នេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេល​វែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ២៣,៨១៨នាក់ មាននារី ៥,០១៧នាក់។ ក្នុងនោះ៖ សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ចំនួន ១,៦០៩នាក់ នារី ៤០៤នាក់, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រងរដ្ឋបាល និង​មន្ត្រី​ក្រមការ ចំនួន ៧,២៩៤នាក់ នារី ១,០៨៨នាក់, មន្រ្តីក្របខណ្ឌថ្មីតាមក្រសួង ស្ថាប័នចំនួន ៥,៤៣៤ នាក់ នារី ២,១១៨នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ចំនួន ៩,៤៨១នាក់ នារី ១,៤០៧នាក់។

ដោយឡែកជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៣ មានចំនួនសរុប ៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ក្នុងនោះ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ «កម្ពុជាក្នុងបេះដូងខ្ញុំ» ចំនួន ៩២នាក់ នារី ៣១នាក់, សិស្សមន្ត្រីក្រម​ការ ជំនាន់ទី១០ «ប្រជាជាតិជាចម្បង» ចំនួន ១១៥នាក់ នារី ៣៤នាក់, កម្ម​សិក្សា​ការីមន្ត្រីជាន់ខ្ពស់ ចំនួន ១៨៥នាក់ នារី ២៣នាក់, កម្មសិក្សាការីមន្ត្រីមធ្យម ចំនួន ៣០៧នាក់ នារី ៦៩នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៧៥នាក់ នារី ២៥នាក់ និងកម្មសិក្សាការីមន្ត្រីក្រមការ ចំនួន ២០នាក់ នារី ៧នាក់។

សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់​កម្ម​សិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមាន​ចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមលើចំនួនខាងលើ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២,០២៤នាក់ នារី ៨៧៩នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ នារី ១៦៦ និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះ​បណ្តាល​អន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។

ក្នុងចំណោមការបណ្តុះបណ្តាលរយៈពេលខ្លីខាងលើ សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គ​បណ្តុះ​បណ្តាលពិសេសចំនួន៣ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានដូចជា វគ្គ​​បណ្តុះ​​បណ្តាលថ្នាក់ដឹកនាំ និងគ្រប់គ្រងនៃក្រសួង-ស្ថាប័ន (សម្រាប់តំណែងរដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង រហូតដល់ប្រធាន​នាយកដ្ឋាន ឬតំណែង​ប្រហាក់ប្រហែល), វគ្គបណ្តុះបណ្តាលមន្ត្រី​ខុទ្ទកាល័យ​របស់ក្រសួង-ស្ថាប័ន និង​វគ្គ​បណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបំពេញតួនាទី និង​ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែងនៅតាម​ក្រសួង ស្ថាប័ន និងការបំពេញការងារថ្មីៗ នៅដើមនីតិកាលទី៧ នៃរដ្ឋសភា។

លើសពីនេះ ដើម្បីគាំទ្រដល់ការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រាជ​ធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ស្របតាមគោលនយោបាយ និងការសម្រេចរបស់រាជ​រដ្ឋា​ភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា សាលាភូមិន្ទរដ្ឋបាលបាន និងកំពុងរៀបចំការ​ពិនិត្យ​វាយតម្លៃអំពីសេចក្តីត្រូវការធនធានមនុស្ស ការត្រៀម រៀបចំការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការឱ្យឆ្លើយតបនឹងស្ថាន​ភាពជាក់ស្តែងផងដែរ។

ជាទិសដៅបន្ត សាលានឹងខិតខំបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និងលើក​កម្ពស់​គុណភាព​នៃការបណ្តុះបណ្តាល ការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ព្រមទាំងការ​សិក្សាស្រាវជ្រាវ ឱ្យស្របតាមយុគសម័យឌីជីថលនិងការរីកចម្រើនក្នុងក្របខណ្ឌតំបន់ និងពិភពលោកពិសេសដើម្បីឆ្លើយតបនឹងគោលបំណងនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោត​លើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ក្នុងន័យនេះ ដើម្បីរួមចំណែក​ឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយ​តបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។

ផ្អែកលើស្មារតីខាងលើ សាលាភូមិន្ទរដ្ឋបាលបានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមុតមាំ តាមរយៈផែនការយុទ្ធសាស្ត្រ (២០២១-២០២៥) ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័នឈានមុខលើ គុណភាព និងនវានុវត្តន៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖

១៖ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការលើកកម្ពស់សមិទ្ធកម្ម ដែលផ្តោតលើសកម្មភាពបណ្តុះបណ្តាលមន្ត្រី ការចែករំលែកចំណេះដឹង និងបទពិសោធ ការពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម

២៖ ការពង្រឹងនិងពង្រីកភាពជាដៃគូ ដែលផ្តោតលើ ការជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ភាពជាដៃគូជាមួយគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ ក៏ដូចជាកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា

៣៖ ការអភិវឌ្ឍកម្មវិធីសិក្សា និងការជំរុញការសិក្សាស្រាវជ្រាវ ដែលផ្តោតលើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលបន្ត និងដំបូង ,ការបណ្តុះបណ្តាលតាមប្រព័ន្ធ
អនឡាញនិងវិធីសាស្ត្រចម្រុះ, កម្មវិធីបណ្តុះបណ្តាលផ្អែកលើកិច្ចសហការជាមួយដៃគូអន្តរជាតិ និងសេចក្តីត្រូវការរបស់ក្រសួង-ស្ថាប័ន ការសិក្សាស្រាវជ្រាវ ចងក្រង
ឯកសារ និងករណីសិក្សា

...

៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពព័ត៌មានវិទ្យា ដែលផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈឧបទេស សមត្ថភាពបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការបណ្តុះបណ្តាលជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print