ម៉ូតូស្គូពីបេីកបុករះម៉ូតូ២គ្រឿងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្គូពីក្នុងស្ថានភាពស្រវឹង បើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដឹកទំនិញអនឡាញកំពុងជិះបញ្ច្រាសទិសគ្នា ហើយរេចង្កូតបន្តទៅបុកម៉ូតូMSX ដែលម្ចាស់ចតទុកនៅមុខផ្ទះ រុញបោកផ្ទប់នឹងរបងថ្ម បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ បែកក្បាល បាក់ជើង វង្វេងបាត់ស្មារតី កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងរបួសធ្ងន់ ឈ្មោះ ហួរ សុភ័ក្រ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅក្បែរកន្លែងកើតហេតុ ជាអ្នកបើកបរម៉ូតូបង្កហេតុម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KM-7401 ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូស្គូពី ជិះដោយបុរសខាងលើក្នុងសភាពស្រវឹងស្រា តាមផ្លូវបេតុងពីត្បូងទៅជើង លឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS-8324 ជិះដោយយុវជនម្នាក់ ដឹកទំនិញអនឡាញពីជើងទៅត្បូង ហើយម៉ូតូបង្កហេតុបានរេចង្កូតបន្តទៅបុកម៉ូតូMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JV-3021 ដែលម្ចាស់ចតទុកនៅមុខផ្ទះ រុញបោកផ្ទប់នឹងរបងថ្ម បណ្តាលឱ្យបុរសអ្នកជិះម៉ូតូស្គូពីរងរបួសធ្ងន់ បែកក្បាល បាក់ជើង ។

ក្រោយកើតហេតុ ជនរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកភាគីខាងម៉ូតូMSX សុំមិនទាមទាររកសំណងទេ សុខចិត្តយកម៉ូតូទៅជួសជុលដោយខ្លួនឯង នៅតែម៉ូតូស្គូពី និងម៉ូតូហុងដាឌ្រីម ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print