រថយន្តលាយបេតុងបើកលឿនពេកជ្រុលទៅកិនស្ត្រីម្នាក់កំពុងជិះម៉ូតូបណ្តាលឱ្យបាត់បង់ជីវិត

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូសុខៗត្រូវរថយន្តលាយបេតុងមួយគ្រឿងបើកបរក្នុង ល្បឿនលឿនមកបុករួចកិនអូសប្រមាណជិត១០ម៉ែត្រ ខ្ទេចសាច់មួយកំណាត់ក្រោមនិងម៉ូតូខូចខាតស្ទើរតែទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ លេខ៥១៦ មូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ប្រភេទលាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-1047   បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ វ័យប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយបង្កហេតុរួច។ ចំណែកភាគីរងគ្រោះជាស្ត្រី មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដាគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1BI-4270 ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើបើកចេញពីស្តុប សម្តេច ប៉ែននុត (ផ្លូវ៥១៦) ឆ្ពោះឡើងមកផ្លូវ៧០ លុះមកជិតដល់ចំណុចកើត ស្រាប់តែស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបមូល ចេញពីផ្លូវលេខ២៨៣ ឡើងមកផ្លូវលេខ៥១៦ (នៅស្តាំដៃនៃរថយន្ត) ស្របគ្នានោះរថយន្តបានមកដល់ វ៉ាក់អើ ជាន់ហ្វ្រ័ងមិនទាន់ដោយល្បឿនលឿននិងដឹកធ្ងន់ផងនោះ (បេតុងពេញ) បានកិនម៉ូតូព្រមទាំងស្ត្រីរងគ្រោះខ្ទេច អូសប្រមាណជាង១០ម៉ែត្រ បាត់បង់ជីវិតតែម្តង ។ ភ្លាមៗនោះអ្នកបើកបរត្រូវបានសមត្ថនៅគោលដៅក្បែរនោះឃាត់ទុកប្រគល់ឱ្យនគរបាលមូលដ្ឋានមកទទួលយកទៅចាត់ការតាមនីតិវិធី។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ចុះមកសម្រួលចរាចរណ៍ ហើយធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែក សពប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print