ភ្នំពេញ ៖ មានអ្នកសាកល្បងយកត្រប់ស្រួយទៅច្នៃធ្វើជាជ្រក់ ហើយផ្ញើឱ្យមើល! មិនទាន់ដឹងថាឆ្ងាញ់ប៉ុណ្ណាទេ តែក៏ម្យ៉ាងដែរ បើធ្វើដូច្នេះបានមែន ទាន់ត្រប់ស្រួយកំពុងសំបូរផង! នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖ «ជ្រក់»គឺជាទម្រង់មួយនៃការរក្សាទុកបន្លែឱ្យបានយូរ ជាពិសេសបន្លែដែលនៅសល់ ហើយហូបមិនអស់។ ធ្វើដូច្នេះបាន គឺបានទាំងជួយសន្សំសំចៃប្រាក់ចំណាយប្រចាំថ្ងៃ បានទាំងកាត់បន្ថយការខ្ជះខ្ជាយម្ហូបអាហារ និងផ្តល់ផលល្អសម្រាប់បរិស្ថានផង។ ខ្មែរសម្បូរជ្រក់ច្រើនប្រភេទណាស់ ប្លែកៗគ្នាទៅតាម ថ្ងៃណាមួយចាំរកបបួលគ្នាធ្វើ«បុណ្យជ្រក់»ម្តង! ដាំដោយខ្មែរ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ ធ្លាប់លើកឡើងថា ៖ ដោយទើបបានទទួលការឆ្លើយតបពីបងប្រុស ហម សាវឿត ក្រុមការងារមន្ទីរកសិកម្មខេត្តបាត់ដំបងបានចុះទៅជួបបងប្រុសដល់ចម្ការផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែមពីបញ្ហាធ្លាក់ថ្លៃត្រប់ស្រួយនៅត្រឹម ៣០០៛/គីឡូ។ យើងនឹងស្រាវជ្រាវរកមូលហេតុបន្តទៀត ដើម្បីឱ្យដឹងថាហេតុអ្វីបានជាថ្លៃត្រប់ស្រួយនៅទីនេះទាបជាងថ្លៃទីផ្សារនៅកន្លែងដទៃខ្លាំងបែបនេះ។
តែអ្វីដែលសំខាន់នោះគឺ មានអ្នកបន្លំធ្វើជាគាត់ ហើយយកឈ្មោះគាត់ទៅលក់ឱ្យអ្នកដែលចង់ជួយ ក្នុងតម្លៃ១គីឡូ២០០០៛ បាត់ទៅហើយ ព្រោះត្រប់គាត់មិនទាន់បានបះនៅឡើយ។
សូមបញ្ជាក់ថា ៖ មានគេបង្ហោះថា ត្រាប់ស្រួយ ១គីឡូក្រាមតម្លៃ ៣០០រៀល តែធាតុពិតអ្នកភូមិលក់បាន តម្លៃ២០០០រៀល ទៅ ២៥០០រៀលឯណោះ ។
លោក ឃឹម ហ្វីណង់ បន្តថា ៖ សម្រាប់បងប្អូនចង់គាំទ្របន្លែក្នុងស្រុក តែចង់ដឹងពីប្រភពឱ្យច្បាស់ អាចទិញពីអ្នកត្រាំកក់បាន ជឿថាពួកគាត់នឹងផ្តល់ភាពស្មោះត្រង់ និងតម្លៃសមរម្យ។ ចំណែកឯបរិមាណផ្គត់ផ្គង់វិញ ប្រហែលជាមិនបាច់បារម្ភទេ បើមួយថ្ងៃ១០តោនមែន។
លោកថា ៖ តាមពិតទៅ ធ្លាប់បានជជែកជាមួយសហគមន៍បន្លែមួយនៅត្រាំកក់ម្តងដែរ ថានឹងជួយសហគមន៍នេះឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្តង គ្រាន់តែមិនច្បាស់ថានៅទីតាំងតែមួយឬយ៉ាងណា។ សប្តាហ៍នេះនឹងចុះទៅជួបពួកគាត់ម្តងទៀតហើយ។ ចាំទទួលផង! ៕