ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យោធារបស់ប្រទេសនេះបានអនុវត្តការបាញ់បង្ហោះកាំជ្រួចអេឡិចត្រូនិកជាផ្នែកនៃសមយុទ្ធដំណាក់កាលទី 2 ស្តីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
ក្នុងពេលនេះដែរ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg កាលពីថ្ងៃពុធ ទី១២ ខែមិថុនា បានបង្ហើបពីកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីកែសម្រួលសមត្ថភាពរបស់ខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខនាពេលបច្ចុប្បន្ន ជាពិសេសការសម្លុត គំរាម និងការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់ NATO រយៈពេល២ថ្ងៃ ក្នុងទីក្រុងព្រុចសែល ដែលនឹងមានការចូលរួមពីក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ របស់បក្សសម្ព័ន្ធយោធាមួយនេះផងនោះ លោក Jens Stoltenberg បានចាត់ទុកថាអាវុធនុយក្លេអ៊ែរគឺជាការធានាសន្តិសុខដ៏ល្អប្រសើរជាទីបំផុត និងជាមធ្យោបាយការពារសន្តិភាព ផងដែរ។ តាមពិតទៅ ខណៈគេគ្រប់គ្នាដឹងថាសហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងប្រទេសជាច្រើននៅអឺរ៉ុប វាជាកម្រណាស់ដែល NATO លើកយកអាវុធនុយក្លេអ៊ែរ មកនិយាយជាសាធារណៈបែបនេះ។
តាមលោក Stoltenberg ប្រទេសហុល្លង់ក្នុងខែមិថុនានេះ បាននិយាយថា យន្ដហោះចម្បាំង F-35 ដំបូងត្រៀមលក្ខណៈជាស្រេចដើម្បីបំពាក់អាវុធនុយក្លេអ៊ែរ ហើយថាអាមេរិកក៏កំពុងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងតំបន់អឺរ៉ុបដែរ។ ប្រមុខ NATO រូបនេះបន្តទៀតថា «អ្វីដែលយើងបានឃើញពេញមួយឆ្នាំទៅមិញ និងប៉ុន្មានខែកន្លងទៅនេះ នោះគឺ វោហាសាស្ត្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ពីខាងភាគីរុស្ស៉ី…ហើយយើងក៏បានមើលឃើញដែរពីការធ្វើសមយុទ្ធនុយក្លេអ៊ែរដោយភាគីរុស្ស៉ី»។
កាលពីថ្ងៃអង្គារកន្លងទៅនេះ រុស្ស៉ីបាននិយាយថា កងទ័ពរបស់ខ្លួនបានចាប់ផ្ដើមការធ្វើសមយុទ្ធហាត់សមប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ដំណាក់កាលទី២ ជាមួយកងទ័ព មកពីប្រទេសបេឡារុស។ ទីក្រុងមូស្គូបានអះអាងថា ការធ្វើសមយុទ្ធនុយក្លេអ៊ែរនេះគឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីលោកខាងលិច៕ ដោយធីរីណា
រូបថត: Reuters