ភ្នំពេញ ៖ ជនត្រូវចោទជាស្ត្រីម្នាក់ អាចត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ខណៈចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៤នេះ កំពុងបើការស៊ើបសួរ បន្ទាប់ពីត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ដោយប្រើមូលប្បទានប័តគ្មានសាច់ប្រាក់ ហៅថា សែកស្អុយ។
ជនត្រូវចោទរូបនេះត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត ដោយប្រើមូលប្បទានប័តគ្មានសាច់ប្រាក់ ។ ជនត្រូវចោទមានឈ្មោះ ស៊ុំ ស្រីលីន ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរ ជាគណនេយ្យក្រុមហ៊ុននាំចំណីអាហារ ចូលមកពីក្រៅប្រទេស មានស្រុកកំណើតនៅខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់បញ្ជូនខ្លួនស្ត្រីខាង លើទៅសាលាដំបូងរាជធានីភ្នំពេញនេះ កម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការ គឺយោងតាមពាក្យបណ្តឹងជនរងគ្រោះ ។ បើតាមបណ្តឹងត្រូវបានគេដឹងថា ជនសង្ស័យបានរងនូវការចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត ដោយចេញមូលប្បទានប័តគ្មានសាច់ប្រាក់ប្រមាណជាង៣២ ម៉ឺនដុល្លារអាមេរិក ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលជនសង្ស័យបម្រើការងារជាបុគ្គលិក បានប្រគល់ការងារឲ្យជនសង្ស័យធ្វើជាគណនេយ្យកាន់បញ្ជីស្នាមទិញ.លក់ ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនចេះតែបាត់បង់ប្រាក់ចំណាយ និងចំណូល ក្រុមហ៊ុនក៏បានបង្កើតគណកម្មការស្រាវជ្រាវ (អូឌីត) រកឃើញថា ប្រាក់ជាង៣២ ម៉ឺនដុល្លារអាមេរិកនោះ គឺស្ថិតនៅលើដៃគណនេយ្យទាំងអស់ ក្រោយមកក្រុមបានហៅជនសង្ស័យទៅសួរ ទើបធ្លាយរឿងការពិត ។ ការពិតជនសង្ស័យបានសារភាពថា ដោយសារម្តាយឈឺខ្លួនបានដកលុយរបស់ក្រុមហ៊ុនដែលប្រមូលពីអតិថិជន យកទៅចាយវាយខ្ជាស់ខ្ជាយផុងខ្លួនវ័នក រហូតប្រើប្រាស់មូលប្បទានប័តគ្មានសាច់ប្រាក់ថែមទៀតផង ។
បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ អាចត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចនេះ៕ ដោយ រ៉ារ៉ា