ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៅថ្ងៃព្រហស្បតិ៍នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រៀនជំនាញអ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ «មានការចោទសួរថា តើរៀនជំនាញណា ល្អជាងរៀនជំនាញណា គ្មានជំនាញណាអាក្រក់នោះទេ ហើយក៏គ្មានជំនាញណាល្អជាងជំនាញណានោះដែ រអាស្រ័យទៅលើអ្វីដែលយើងចង់បាន ទិសដៅអ្វី ។ វាអាស្រ័យធំបំផុត ទៅលើខ្លួនយើង »
សម្ដេចធិបតី បានបញ្ជាក់ថា ៖ «រៀនអ្វីក៏ដោយ រៀនឲ្យចេះប្រាកដ គឺយើងបានតម្លៃហើយ រៀនអាហ្នឹងទៅ ។ កុំចង់រៀនជំនាញអ្វី ដែលល្អបំផុត តែខ្លួនរៀនអត់កើត យើងអត់ច្បាស់ យើងអត់មានចំណូលចិត្ត »
សម្ដេចធិបតីបន្ថែមថា ៖ ចាប់អ្វីក៏ដោយឲ្យតែប្រាកដ គឺយើងអាចអភិវឌ្ឍន៍ខ្លួនឯង។ ទោះបីជាធ្វើការងារនៅក្នុងស្ថាប័ន ដែលត្រូវជំនាញរបស់ខ្លួន បង្កើតការងារខ្លួនឯង គឺប្រើប្រាស់យ៉ាងណាចេះឲ្យប្រាកដ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បន្តដាក់អាទិភាពធំ ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ ទៅលើសុខភាព និងការអប់រំ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រឹមតែជាអ្នកដាក់ចេញ គោលនយោបាយ គោលការណ៍ និង ការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលកូនខ្មែរធ្វើបានសម្រាប់ប្រទេសជាតិ ដូចជាការបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ របស់រាជរដ្ឋាភិបាល verify.gov.kh) ដែលឈ្នះពានរង្វាន់លេខ១ នៅអាស៊ាន និងលេខ២ លើកពិភពលោក ព្រមទាំងការកសាងនូវហេដ្ឋាចរនាសម្ព័ន្ធជាច្រើនទៀត ដូចជា អគារវិមានសន្តិភាព ដែលគូរប្លង់ដោយកូនខ្មែរ វិស្វករខ្មែរ សាងសង់ដោយក្រុមហ៊ុនខ្មែរ។
សម្តេចបានលើកឡើងទៀតថា កាលពីឆ្នាំ១៩៩០ជាង ការធ្វើផែនការមួយចំនួន កម្ពុជាពឹងផ្អែកជំនាញការពីបរទេស ប៉ុន្តែពេលនេះ ផែនការយុទ្ធសាស្ត្រជាតិ ដូចជាយុទ្ធសាស្ត្រចតុកោណ បញ្ចកោណជាដើម គឺកម្ពុជាធ្វើដោយខ្លួនឯង ហើយដឹកនាំអនុវត្តន៍ដោយខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថាថា កូនខ្មែរត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ ដែលនេះធ្វើឱ្យយើងមានឯករាជ្យភាព ដោយមិនចាំបាច់ពឹងផ្អែកលើបរទេសជួយនោះទេ។
សម្តេចបានថ្លែងដូច្នេះថា «ប្រទេសយើងចេញពីទសវត្សរ៍ទី៨០ យើងត្រូវពឹងបរទេសច្រើន ដោយសារអ្នកចេះដឹងរបស់យើងខ្វះខាត យើងត្រូវពឹងជំនាញការពីបរទេស។ ឆ្នាំ៩០ជាង ពេលដែលយើងបោះឆ្នោតរួច យើងពឹងជំនាញការអ្នកធ្វើផែនការពីបរទេស ឥឡូវផែនការអភិវឌ្ឍន៍របស់យើង ទាំងបញ្ចកោណ ចតុកោណ គឺយើងធ្វើខ្លួនឯង ហើយមិនត្រឹមតែសរសេរខ្លួនឯងនោះទេ ប៉ុន្តែដឹកនាំអនុវត្តន៍ខ្លួនឯង នេះគឺឯករាជ្យភាពរបស់យើង។ យើងធ្វើសំណង់ យើងធ្វើហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ជាច្រើនពឹងលើខ្លួនឯង នេះធ្វើឱ្យយើងមានឯករាជ្យភាព បានន័យអត់ចាំបាច់ធ្វើអ្វីបន្តិច ក៏ទៅរកគេពីក្រៅមកទេ»៕
ដោយ ៖ សិលា