ខេត្តសៀមរាប ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប សម្រាប់អាណត្តិទី៤ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ នេះជាការបញ្ជាក់ពីខាងអង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប ។
លោក ប្រាក់ សោភ័ណ មានប្រសាសន៍ថា ការរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អ ជាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត រួមទាំងការថែរក្សាសុខុមាលភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមជាតិទាំងមូលមានសុខសុវត្ថិភាពល្អ លើកកម្ពស់សោភណភាព អនាម័យបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងមូលដ្ឋាន។
សូមជម្រាបថា ការប្រកាសតែងតាំងមុខតំណែងនាពេលនេះដែរ គឺស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដោយបានប្រកាសតែងតាំងលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤នេះ រួមជាមួយនឹងសមាជិកចំនួន ២១រូបទៀត។ ប្រធាន និងសមាជិកទាំង២១រូបនេះដែរ គឺបានមកពីការបោះឆ្នោតរបស់តំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ដោយផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត។
ក្នុងនោះលោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីតបទៅនឹងគុណតម្លៃនៃការជឿទកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាងឲ្យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងនាពេលនេះ លោកសូមណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ជាមួយគ្នានោះ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការរបស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងមូល៕