ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងករណីគ្រោះអគ្គីភ័យឆេះសណ្ឋាគារយីហោ”អន្តរជាតិ” ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី១៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១៨ និង១០នាទីព្រលប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ នេះបេីយោងតាមប្រភពព័ត៍មានពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន១១នាក់ ដឹកនាំដោយ វរសេនីយ៍ត្រី ឆឹម ផលី្ល នាយការិយាល័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រុមជំនួយសង្គ្រោះចម្រុះក្នុងខេត្ត ចេញប្រតិបត្តិការជួយសង្គ្រោះបាញ់ទឹកពន្លត់ភ្លើង និងជម្លៀសជនរងគ្រោះចេញពីទីតាំងកើតហេតុ។
ក្នុងប្រតិបត្តិការសង្រ្គោះខាងលើ បានប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហេតុការណ៍នេះបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ធ្ងរម្នាក់ (ជនជាតិចិន) ដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានដឹកនាំកងកម្លាំងនគរបាល នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងចំរុះ ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆាបឆេះសណ្ឋាគារយីហោ” អន្តរជាតិ” រហូតទាល់តែរលត់ទាំងស្រុងផងដែរ ដោយមិនឱ្យរីករាលដាលបន្ត៕ដោយ៖តារា