សារព័ត៌មាន Reuters បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថាមេដឹកនាំក្រុមប្រទេស G7 មិនបានពិភាក្សាពីលក្ខខណ្ឌរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីសន្តិភាពនៅអ៊ុយក្រែននោះទេ ពីព្រោះគេគ្រប់គ្នាដឹងថាលក្ខខណ្ឌទាំងនោះមិនអាចយកជាការបាននោះទេ។
ថ្លែងចេញពីប្រទេសអ៉ីតាលី មុននឹងចេញដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីសន្តិភាពអ៊ុយក្រែនដែលចាប់ផ្ដើមធ្វើឡើងពីថ្ងៃសៅរ៍ ទី១៥ ដល់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា លោក Olaf Scholz បានបញ្ជាក់ទៀតថា លក្ខខណ្ឌរបស់លោក ពូទីន ក្នុងនោះរួមមានឱ្យអ៊ុយក្រែនបោះបង់ចោលខេត្តចំនួន៤របស់ខ្លួនទៅឱ្យរុស្ស៉ី ទម្លាក់អាវុធចុះចាញ់ និងបោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិក NATO គឺគ្រាន់តែមានគោលដៅបង្វែរចំណាប់អារម្មណ៍ចេញពីកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែននៅស្វីសតែប៉ុណ្ណោះ។
«មនុស្សគ្រប់គ្នាដឹងថាលក្ខខណ្ឌទាំងនោះមិនអាចយកជាការបានឡើយ ប៉ុន្តែតែមានចេតនាចំពោះកិច្ចប្រជុំសន្តិភាពក្នុងប្រទេសស្វីស»។ នេះជាការលើកឡើងរបស់លោក Olaf Scholz ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF។
មេដឹកនាំពិភពលោកបានធ្វើដំណើរទៅកាន់ប្រទេសស្វីសហើយ ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែន ដែលមានគោលដៅត្រួសត្រាយផ្លូវ ឆ្ពោះទៅរក សន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន៕ ដោយធីរីណា
រូបថត: congan