ភ្នំពេញ ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៦នាក់ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ក្រុមក្មេងទំនើងប្រើដាវកែច្នៃត្រូវបានចោទប្រកាន់ របស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងមានគ្នាចំនួន ១៦នាក់ ប្រដាប់ដោយដារកែច្នៃ ចំនួន០១ដើម និងដុំថ្ម បានធ្វើសកម្មភាពដេញកាប់ និងគប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត នៅចំណុចហាងកាហ្វេ យីហោ SPកាហ្វេដូង ក្នុងបុរីស៊ូឈីវ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី ដោយក្រុមក្មេងទំនើងខាងលើបានកាប់បំផ្លាញទៅលើ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតចំនួន០២គ្រឿង រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ ១.ឈ្មោះ ពៅ យ៉ុងប៉ាវ ហៅ អាប៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ បូរ៉ា ដេវិត ហៅវិត ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ ពួន សុបញ្ញា ហៅពេក ភេទប្រុស អាយុ១៤ឆ្នាំ ៥.ឈ្មោះ សុប រតនៈលឿនម៉េង ហៅ ជា ភេទប្រុស អាយុ១៦ឆ្នាំ ៦.ឈ្មោះ ព្រហ្ម សុវណ្ណឧត្តមន្ទី ភេទប្រុស អាយុ១៤ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៦នាក់ ខាងលើ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចហាងកាហ្វេ យីហោ SP កាហ្វេដួង ក្នុងបុរីស៊ូឈីវ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សិលា