សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន ០៥នាក់ ក្នុងអំពើប្លន់ ប្រដាប់ដោយកាំបិតផ្គាក់ និងប៉័ងតោ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌដែលបានបញ្ជូនមកពី អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ពាក់ព័ន្ធនឹងការបង្ក្រាបករណីក្មេងទំនើងមួយក្រុម មានគ្នីគ្នាសរុបចំនួន០៥(ប្រាំ)នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០២ (ពីរ) គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ និងកាំបិតប៉័ងតោជិះម៉ូតូមកកៀកនឹងម៉ូតូជន រងគ្រោះ ហើយម៉ូតូជនល្មើសមួយគ្រឿងធ្វើសកម្មភាពធាក់ផ្តួល និងម៉ូតូមួយគ្រឿងទៀតជិះបំបុកម៉ូតូជនរងគ្រោះពីខាង ក្រោយ បណ្តាលឱ្យម៉ូតូជនរងគ្រោះដួល ហើយបន្តយកកាំបិតផ្គាក់ដេញកាប់បណ្តាលឱ្យត្រូវជនរងគ្រោះចំនួនមួយកាំបិត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នាវេលាម៉ោង ១២ និង១៥នាទីយប់ នៅចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម, កម្លាំងជំនាញផែនព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ចាម និងទទួលបានការសហការពីនាយកដ្ឋានព្រហ្មទណ្ឌ សមត្ថកិច្ចបានផ្តើមការស៊ើបអង្កេតភ្លាម ក្រោមការដឹកនាំ និងសម្របសម្រួលរបស់តំណាងអយ្យការ និងឈានដល់ការឃាត់ខ្លួនជនល្មើសទាំង០៥(ប្រាំ) នាក់រួមមាន ៖ ឈ្មោះ (១) តូច សង់ហេង ១៨ឆ្នាំ, (២) ហេង បញ្ញារាជ ១៨ឆ្នាំ, (៣) សុខ មករា ១៨ឆ្នាំ, (៤) ជា ពិសិដ្ឋ ១៦ឆ្នាំ និង (៥) ហេង ផានិត ១៧ឆ្នាំ ដែលក្រុមក្មេងទំនើងនេះបានសារភាពអំពីសកម្មភាពជិះធាក់, ជិះបុក និងដេញកាប់ជនរងគ្រោះ រួចបន្តលើក ម៉ូតូជនរងគ្រោះជិះយកមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យខាងលើ និងពិនិត្យលើគ្រប់ភស្តុតាងពាក់ព័ន្ធ តំណាងអយ្យការ បានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យទាំង ០៥ (ប្រាំ) នាក់ ពីបទ “លួចដោយមានស្ថានទម្ងន់ទោស” ប្រព្រឹត្តនៅចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២ និង១៥នាទីយប់ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ តាមរយៈដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរនេះផងដែរ តំណាងអយ្យការបានប្តឹងសុំឱ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជន សង្ស័យទាំង ០៥ (ប្រាំ) នាក់ខាងលើចំពោះអង្គហេតុដែលបានចោទប្រកាន់នេះ។ ចំពោះករណីនេះ, តំណាងអយ្យការនឹង បន្តសុំឱ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងធ្ងន់ធ្ងរបំផុតលើជនល្មើសនៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print