ភ្នំពេញ ៖ លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ៖ ខ្ញុំសូមរំឭកផងដែរថា ប្រទេសចិននិងកម្ពុជា មិនត្រឹមជាប្រទេសជិតខាងល្អតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះ ត្រូវបានពលរដ្ឋរបស់ខ្លួនប្រសិទ្ធនាមថា ជាបងប្អូនល្អនឹងគ្នា ដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីនេះ មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ប្រទេសយើងទាំងពីរបានភ្ញាប់ទំនាក់ទំនងការទូតឡើងវិញក្រោមស្នាព្រហស្ថព្រះបរមរតនកោដិ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នេះជាការចេញផ្សាយដោយ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
«CCFR China state-controlled media » បន្តថា ៖ ទំនាក់ទំនងបានបន្តជារៀងមក រហូតដល់ក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជិនភីង ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រទេស និង ប្រទេស ក្នុងភាពជាដៃគូស្មើមុខស្មើមាត់គ្នា។ ចាប់តាំងពីពេលនោះមក ប្រទេសយើងទាំងពីរបានធ្វើការពង្រឹងទំនាក់ទំនងកាន់រឹងមាំឡើងៗ រហូតដល់ទំនាក់ទំនងនេះក្លាយទៅជាដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៦ រួមមាន វិស័យនយោបាយ ពង្រឹងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និង ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
រហូតមកដល់ពេលបច្ចប្បន្ន ប្រទេសទាំងពីរចិននិងកម្ពុជា ទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ៤ ៣២០ លានដុល្លារ នៅឆ្នាំ២០១៥ មក ១២ ២៦៥លានដុល្លារនៅឆ្នាំ២០២៣។ ក្នុងរយៈពេល៥ខែ ឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាមានដល់ទៅ ៥ ៩៩០ លានដុល្លារអាមេរិក កើនឡើង ១៨% បើប្រៀបធៀបនឹងប្រាំខែដូចគ្នានៅឆ្នាំ២០២៣។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេចគោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើន ដោយផ្អែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និង កិច្ចព្រមព្រៀមដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានបង្កើតច្រករបៀងសេដ្ឋកិច្ចជាច្រើនសម្រាប់កម្ពុជានិងចិន។ លើសពីនេះទៀត កម្ពុជាបាននាំចេញអង្ករ មៀន ស្វាយ ដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង និង កៅស៊ូ ទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើការនាំចូលពីប្រទេសចិនមកវិញនូវវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ និង វាយនភណ្ឌ ដែលក្នុងនោះរួមមាន សំលៀកបំពាក់ ស្បែកជើង និង កាបូបធ្វើដំណើរ ក្នុង ទំហំទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរនេះ បានរួមចំណែកក្នុងការបង្កើតតម្លៃបន្ថែមប្រមាណ ៦ពាន់លានដុល្លារទៅក្នុងចំណូលជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ បើទោះក្នុងឆ្នាំនេះ ជាឆ្នាំនៃការធ្លាក់ចុះនៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង កាបូបក៏ដោយ។ វិស័យនេះ ក៏រួមចំណែក្នុងការបង្កើតការងារ ជូនដល់ពលរដ្ឋកម្ពុជាប្រមាណ ១ លាននាក់ ជាពិសេសយុវជន យុវតី នៅតាមតំបន់ជនបទ។
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសរបស់ចិននៅកម្ពុជាមានរហូតដល់ទៅ ៥ កន្លែង រួមមាន Dragon King SEZ, Shandong Sunshell SEZ, Qilu (Jian Pu Zhai) SEZ, Sihanoukville SEZ2, និង Sihanoukvill SEZ1 ដែលបានផ្តល់ការងារយ៉ាងសន្ធឹកសន្ធាប់ដល់ពលរដ្ឋកម្ពុជា រួមចំណែកក្នុងការផ្តល់ប្រាក់ចំណូលដល់គ្រួសារតាមការទទួលបានប្រាក់ឈ្នួលពលកម្មតែប៉ុណ្ណោះទេ បានផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលតាមរយៈការនាំចេញទៅកាន់ទីផ្សារធំៗនៅលើសាកលោកផងដែរ។
មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ភាគីចិនតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយផ្តល់ការជ្រោមជ្រែងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសមស្របនឹងស្ថានភាពរបស់ប្រទេសខ្លួន។ ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងកម្ពុជាឲ្យកាន់តែមានភាពស៊ីជម្រៅដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនបានជួយកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដោយបានរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជានៅមានភាពទន់ខ្សោយបន្តិច ហេតុដូច្នេះប្រទេសចិនបានផ្តល់ការជួយឧប្ថតម្ភគ្រប់បែបយ៉ាងលើវិស័យកសិកម្មដល់កម្ពុជា ដែលក្នុងនោះរួមមានទាំងបច្ចេកទេសដាំដំណាំ ប្រព័ន្ធធារាសាស្ត្រ និងការនាំចេញអង្ករជាដើមដោយបានផ្តល់នូវការជួយជ្រោមជ្រែងយ៉ាងជាក់ស្តែងដល់កសិករកម្ពុជា។
ប្រទេសកម្ពុជាបានគាំទ្រនូវគំនិតផ្តួចផ្តើមអំពីយុទ្ធសាស្ត្រ ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” និងចូលរួមយ៉ាងសកម្មជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលលើកឡើងដោយប្រទេសចិន។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានដើរតួនាទីជាសម្របសម្រួលក្នុងវេទិកាអាស៊ានចិន ក្នុងឋានៈខ្លួនជាប្រធានអាស៊ានប្តូរវេន និង បានធ្វើកិច្ចសហការជាច្រើនទៀត រួមមានកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជាចិន កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យការពារជាតិ សន្តិសុខជាតិ ការធ្វើសមយុទ្ធនាគមាសផងដែរ ៕